(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានអញ្ជើញ ចុះជួបសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧៣ គ្រួសារ មកពី២ភូមិ គឺភូមិ៧មករា និងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតនៅសាលប្រជុំសាលាស្រុកសន្ទុក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសាខាសមាគមនារីថ្នាក់ខេត្ត លោកអភិបាលររងស្រុក អនុសាខាសមាគមនារីថ្នាក់ស្រុក និងអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ដែលលោកតែងគិតគូរពីសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈទាំងអស់។
លោកជំទាវ បានបន្តថា ដោយឃើញពីកត្តាសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ បានជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការណ៍ជាមួយក្រុមហ៊ុន អ៉ិនត្រាកូ មកពីប្រទេសវៀតណាម បានធ្វើការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ក្នុងការជួយកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់អុស និងជួយបរិស្ថាន និងបង្កភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
លោកជំទាវ បន្ថែមទៀតថា ចំពោះការផ្តល់ចង្ក្រានសន្សំសំចៃថាមពលជូននាពេលនេះ គឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ព្រមទាំងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចង្ក្រានសន្សំសំចៃថាមពល ទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតក្នុងរដូវវស្សានេះដើម្បីចៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ។
លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងការរក្សាសន្តិភាព និងការការពារអធិបតេយ្យ បូរណភាពដែនដី និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង នៅគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីសៀមនៅពេលនេះ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។












No comments:
Post a Comment