កណ្តាល៖ មុននេះបន្តិចលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង សម្រេចធ្វើការចោទប្រកាន់មន្ត្រីនគរបាលគ្រឿងញៀនម្នាក់ ពាក់ព័ន្ធករណីឆបោកលុយជិត២០មុឺនដុល្លារ
ពីបទ «ឆបោក» តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងទៅលោកចៅក្រមស៊ើបសួរចាត់ការបន្តរតាមនីតិវិធីច្បាប់ ។
ជនត្រូវចោទមានឈ្មោះ ធូក ចិន្តា ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ប្រភពបន្តថា មូលហេតុរហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល គឺមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណី «ឆបោក»លុយ។
ប្រភពបានបញ្ជាក់ដែរថា ស្ត្រីជាមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង ១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀត រាប់មុឺនដុល្លារក៏មាន៕
No comments:
Post a Comment