ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្ត្រីទទួលបន្ទុក ព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training)។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ រីជែនស៊ីអង្គរ ខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញពីមន្ត្រីជាន់ខ្ពស់ ផ្នែកព័ត៌មាន តំណាងបណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ានទាំង១០ ដោយធ្វើការប្រជុំផ្ទាល់ និងតាមប្រពន្ធ័វីដេអូ អនឡាញ។
ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះជាលើកទីមួយហើយសម្រាប់ក្រសួងព័ត៌មានកម្ពុជា ដែលរៀបចំកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ាន បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ នៅចុងឆ្នាំ២០១៩ ដែលបានផ្លាស់ប្តូររបៀបរស់នៅ និងការងារ និងបង្កផលប៉ះពាល់លើសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត នៅទូទាំងពិភពលោក។ ចំពេលមានការរីករាលដាលនៃកូវីដ១៩ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់ ជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិនអាចប្រកែកបាន ហើយវារំខានដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឲ្យមានការមិនទុកចិត្តគ្នា ការបែកបាក់ និងអំពើហិង្សារវាងប្រជាជនកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិត រីករាលដាលលឿនជាងមេរោគទៅទៀត វាបានបង្កឲ្យមានការថប់អារម្មណ៍ និងការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តនៅក្នុងសហគមន៍មួយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមឆ្នាំ២០២០ បានបញ្ជាក់សារជាថ្មីថា «ជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាង»។ ចំណេះដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មានបានក្លាយ ជាឧបករណ៍សំខាន់ជាងនៅក្នុងសង្គម សម្រាប់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយបានបង្រៀនប្រជាជនអំពីរបៀបប្រមូលផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌ នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំទៅដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងសង្គមកម្ពុជា ក្រៅពីការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ក្រសួងព័ត៌មាន ក៏បានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្នាក់រដ្ឋមន្ត្រី នៅពាក់កណ្តាលឆ្នាំ២០២០។
ឯកឧត្តម បន្ថែមទៀតថា ត្រូវពិនិត្យមើលឡើងវិញនូវកម្រិត នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន និងយុទ្ធសាស្ត្រទំនាក់ទំនងដែល មានស្រាប់ក្នុងការចែករំលែកព័ត៌មាន លើកកម្ពស់ភាពជឿជាក់របស់អ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានត្រឹមត្រូវ ព្រមទាំងការបង្កើតខ្លឹមសារ ដែលមានឥទ្ធិពល រវាងអ្នកសារព័ត៌មានក្នុងរដ្ឋសមាជិកអាស៊ាន។ កិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា facebook, tiktok ជាដើម ក៏ស្ថិតនៅក្រោមរបៀបវារៈនៃការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រសួងព័ត៌មានកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតក្រុមការងារអាស៊ានស្តីពីព័ត៌មានក្លែងក្លាយ (ASEAN TFFN) និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។ ក្រសួងក៏ស្វាគមន៍ចំពោះសកម្មភាពដែលបានស្នើឡើងដោយប្រទេសអូស្ត្រាលី ដើម្បីគាំទ្រ TFFN ក្រោមការឧបត្ថម្ភនៃភាពជាដៃគូនយោបាយ-សន្តិសុខអាស៊ាន-អូស្ត្រាលី៕
No comments:
Post a Comment