(ស្វាយរៀង)៖ សិក្ខាសាលាស្តីពី សីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន ដល់អ្នកសារព័ត៌មាន រៀបចំឡើដោយមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្រោមកិច្ចគាំទ្រសម្របសម្រួលពីលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលការងារមន្ទីរព័ត៌មាន ខេត្តស្វាយរៀង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំរបស់មន្ទីរព័ត៌មាន ដោយមានការអញ្ជើញធ្វើបទបង្ហាញពីសំណាក់ បណ្ឌិតសាស្ត្រាចារ្យ ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសាស្រ្តាចារ្យផ្នែកសារព័ត៌មាន។
អ្នកសារព័ត៌មាន ប្រមាណ៨០ អង្គ/នាក់ មកពីបណ្តាអង្គភាពនានា ក្នុងខេត្តស្វាយរៀង បានចូលរួមក្នុងអង្គសិក្ខាសាលា ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍ ពីការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន អោយបានល្អ។
លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជម្រាបជូន ពីស្ថានភាពទូទៅរបស់មន្ទីរព័ត៌មាន និងចំនួនអង្គភាពសារព័ត៌មាន ដែលកំពុងដំណើរការនៅក្នុងខេត្ត មានស្ថានីយ៍វិទ្យុជាតិ និងឯកជន ផ្សាយផ្ទាល់ចំនួន ៦ និងផ្សាយបន្ត ៤ស្ថានីយ, ស្ថានីយទូរទស្សន៍ចំនួន ១០ស្ថានីយ, ស្ថានីយ ទូរទស្សន៍ខ្សែកាប្តិ៍ចំនួន ៣, កាសែតចំនួន ៣អង្គភាព និងគេហទំព័រចំនួន ២២អង្គភាព។
បណ្ឌិតសាស្រ្តាចារ្យ ឆាយ សុផល ថ្លែងថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឲ្យអ្នកសារព័ត៌មាននៅក្នុងខេត្តស្វាយរៀង ទទទលបាននូវបទពិសោធន៍ ចំណេះដឹង និងជំនាញផ្នែកសារព័ត៌មានពិតប្រាកដ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ ហើយយល់ដឹងកាន់តែច្បាស់ពីការធ្វើ អត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន បានត្រឹមត្រូវ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា សម័យ ឌីជីថល និងរបបប្រជាធិបតេយ្យផងនោះ គឺ មនុស្សម្នាក់ មានទស្សនៈមួយ មិនដូចកាលពីសម័យក្រោយរំដោះឆ្នាំ១៩៧៩ទេ។ កាលពីមុនអ្នកនៅភ្នំពេញ មនុស្សម្នាក់ត្រូវចេះ តទឹក តភ្លើងខ្លួនឯង បើពុំដូច្នេះទេគ្មាននរណាមកតឱ្យយើងនោះទេ បន្ទាប់មកទៀតមនុស្សម្នាក់គឺជាកងទ័ពម្នាក់ ព្រោះប្រទេសយើងមានសង្រ្គាមផង មានសន្តិភាពផង តែបច្ចុប្បន្នមនុស្សម្នាក់មានទស្សនៈមួយ ដែលអាចឱ្យមនុស្សម្នាក់ក្លាយជាអ្នកសារព័ត៌មានម្នាក់ ដូច្នេះហើយទាមទារឱ្យយើងគោរពប្រតិបត្តិនូវវិជ្ជាជីរៈឱ្យបានត្រឹមត្រូវ។
តាមរយៈការពង្រឹងប្រសិទ្ធិភាព និងលើកកម្ពស់វិស័យសារព័ត៌មាន អោយបានកាន់តែល្អប្រសើរទៀតនោះ ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧ ដែលមាន លោក នេត្រ ភក្ត្រា ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកំពុងដំណើរការ កំណែទម្រង់ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ពិសេសជម្រុញអោយមានការបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកសារព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏តែងបានរំលឹកដល់អ្នកសារព័ត៌មាន អំពីខ្លឹមសារដែលខ្លួនផ្សាយ ត្រូវឈរលើក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ដោយផ្តោតលើតុល្យភាពព័ត៌មាន សំដៅទៅលើអត្ថបទដែលមានការចោទ និងមានការបកស្រាយ បើចំណុចវិជ្ជមាន ក៏ត្រូវរកចំណុចអវិជ្ជមាន ហើយបើរកឃើញចំណុចអវិជ្ជមានត្រូវពន្យល់យ៉ាងមិចខ្លះ, នេះគឺជាការដេញគ្នាក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មាន។
អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេអោយខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមែនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ។
អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ ព្រោះអាចនឹងមានបញ្ហាកើតឡើងនៅថ្ងៃណាមួយ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ លោកបណ្ឌិត ឆាយ សុផល និងលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកចុះ ជួយសម្របសម្រួលការងារមន្ទីរព័ត៌មានខេត្តស្វាយរៀង បានយកនូវអាវ ដែលជា អំណោយរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសៀវភៅប្រវត្តិសាស្រ្ត (នាយករដ្ឋមន្រ្តី ៣៧រូប និងសៀវភៅ ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង ៤០ឆ្នាំ) ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្ទីរព័ត៌មានខេត្តស្វាយរៀង៕
No comments:
Post a Comment