(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង២ម៉ឺននាក់ ប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាជាតិខ្មែរ បានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។
សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ក្នុងការស្វះស្វែងដើម្បីដណ្ដើមជីវិតប្រជាជនចេញពីកណ្ដាប់ដៃ ប៉ុល ពត បានអះអាងថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ប្រកបដោយជោគជ័យ ក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញ ពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព ប្រកបដោយមោទនភាពជាទីបំផុត។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការប្រារព្ធខួបទី៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែល របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន។
ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំង អស់បានទៅកាន់សុគតិភពជារៀងរហូត។ នេះបើតាមអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជា បានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឲ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕
No comments:
Post a Comment