ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម



ខេត្តកំពង់ចាម៖​ នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យខេត្តកំពង់ចាម។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្ពឺ មណ្ឌលសុខភាពស្វាយទាប និងមន្ទីរពេទ្យបង្អែក ចំការលើ ស្ថិតក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏មានការកោតសរសើរជូនចំពោះមន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ។


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យខេត្តកំពង់ចាម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។


ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមខិតខំទោះបីការងារនៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា។


ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានការកោតសរសើរចំពោះហេដ្ឋារចនាសម្ព័ន្ធនៅមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក និងខេត្ត បានរៀបចំបានល្អ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។ ឯកឧត្តម​សាស្រ្តាចារ្យ​រដ្ឋមន្រ្តី​ បានបន្ថែមថាសូមឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាលឱ្យបានប្រសេីរថែមទៀតបន្ថែម​ ដោយមន្ទីរពេទ្យខេត្តកំពង់ចាម​ នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់នាពេលខាងមុខនេះ។ 


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នេីឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។


សូមគូសរំលេចដែរថា មន្ទីរពេទ្យខេត្តកំពង់ចាម ជាមន្ទីរពេទ្យធ្លាប់ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាកម្រិតគំរូ ចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្តល់សេវាសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) នៅឆ្នាំ២០១៩។
















































No comments:

Post a Comment

Pages