ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សេង សីលា និង ឯកឧត្ត ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពនិងការធ្វើបច្ចុប្បន្នភាពក្នុងកិច្ចការបង្ក្រាបល្បែងស៊ីសងអត់ច្បាប់ នៅក្នុងមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅសាលាក្រុងបាវិត ព្រមទាំងមានការចូលរួមពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងអស់លោក-លោកស្រីជាអភិបាលរងក្រុង លោកចៅសង្កាត់ទាំង៥ លោកជានាយប៉ុស្តិ៍រដ្ឋបាល រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម សេង សីលា បានមានប្រសាសន៍ឲ្យដឹងថា: ដោយយោងតាមស្មារតីក្នុងកិច្ចប្រជុំគណៈកម្មការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងកិច្ចការបង្ក្រាបបែងស៊ីសងអត់ច្បាប់នៅក្នុងមូលដ្ឋាន ក្រោមការយកចិត្តទុកដាក់យ៉ាងពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បញ្ជាឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវគិតគូរនិងយកចិត្តទុកដាក់អំពីបញ្ហាល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា: ដោយឡែករដ្ឋបាលខេត្តស្វាយរៀងនាពេលកន្លងទៅថ្មីៗនេះ ក៏បានធ្វើការប្រជុំផ្សព្វផ្សាយរួចហើយដូច្នេះនៅតាមបណ្ដាក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាចុះពិនិត្យតាមដានដើម្បីធ្វើបច្ចុប្បន្នភាពនិងវឌ្ឍនភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្រោយពីការណែនាំនិងចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃរួចមក។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ឲ្យដឹងផងដែរថា: ក្រោយពីបានទទួលផែនការណែនាំពីគណៈកម្មការល្បែងថ្នាក់ជាតិ និងទទួលបានការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កាលពីថ្ងៃទី៤ ខែមីនាឆ្នាំ២០២៤ រដ្ឋបាលក្រុងបាវិត បានធ្វើការប្រជុំផ្សព្វផ្សាយជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់នៅមូលដ្ឋាន ដោយបានធ្វើការស្រង់ស្ថិតិទីតាំងល្បែងស៉ីសងអនឡាញ ក្នុងមូលដ្ឋានក្រុងទាំងមូល ជាលទ្ធផលសរុបមានចំនួន ៤០ទីតាំង ដោយបានណែនាំធ្វើកិច្ចសន្យាជាមួយតំណាងក្រុមហ៊ុនរួចរាល់ហើយ។
លោកអភិបាលក្រុងបាវិត បានមានប្រសាសន៍បន្តថា: ចំពោះកិច្ចការទាំងអស់ខាងលើនេះនាពេលកន្លងមកខាងអាជ្ញាធរក្រុង ក៏មានការលំបាកផងដែរ ដោយសារគេលេងតាមប្រព័ន្ធទូរសព្ទដៃ ជាហេតុធ្វើឲ្យពិបាកក្នុងការបង្ក្រាប។ នាពេលកន្លងទៅថ្មីៗនេះរាជរដ្ឋា ភិបាលបានជំរុញឱ្យរដ្ឋបាលរាជធានីខេត្ត ធ្វើការត្រួតពិនិត្យឡើងវិញចំពោះអ្នកបើកល្បែងផ្សងសំណាងទាំងនោះដាច់ខាតត្រូវតែមានអាជ្ញាប័ណ្ណទើបអនុញ្ញាត។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅបទបញ្ជាឲ្យគណៈកម្មាការល្បែងថ្នាក់ជាតិត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីសិក្សាពីទីតាំងជាក់ស្ដែងមុននឹងចេញអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្ម ដែលកន្លងមកនៅពេលដែលអាជ្ញាធរចុះធ្វើការបង្ក្រាបខាងក្រុមហ៊ុនតែងបានយកអាជ្ញាប័ណ្ណរបស់គាត់ ថតចម្លងរួចបិទនៅតាមសាខាដោយមិនមានបញ្ជាក់ទីតាំងច្បាស់លាស់នោះឡើយ។ ដូច្នេះវាជាកិច្ចការលំបាកមួយសម្រាប់អាជ្ញាធរនៅពេលចូលបង្ក្រាបម្ដងៗ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានមានប្រសាសន៍ផងដែរថា: រាល់បញ្ហាទាំងអស់ខាងលើនេះត្រូវទុកពេលឲ្យពួកគាត់រត់ទៅរកប៉ុសសេវា ដោយឲ្យបញ្ជាក់ទីតាំងច្បាស់លាស់ដើម្បីឲ្យអាជ្ញាធរដឹងឮ។ ពីព្រោះថានៅពេលកន្លងមកខាងក្រុមហ៊ុនគេពុំដែលមកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាននោះទេ ដែលវាជាហេតុធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងនិងបង្ក្រាបនៅរាល់បញ្ហាទាំងអស់ខាងលើនេះ ជាពិសេសគឺទីតាំងដែលហាមឃាត់មានដូចជាក្បែរសាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម។ ដែលនេះគឺជាបទនៃការផ្លាស់ប្ដូរមួយគឺថ្នាក់ដឹកនាំខាងលើ បានផ្ដល់សិទ្ធិដល់អាជ្ញាធរនៅមូលដ្ឋានដោយផ្ទាល់តែម្ដង។
ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍បញ្ជាក់ថា: បញ្ហាដែលនៅសេសសល់ត្រូវបន្តចុះត្រួតពិនិត្យណែនាំនៅតាមក្នុងផ្ទះប្រជាពលរដ្ឋតែម្ដង ដើម្បីកុំឱ្យមានហានិភ័យពីតូចតាទៅធំ។ រហូតដល់អ្នកខ្លះហ៊ានយកប្លង់ដីក្នុងផ្ទះទៅបញ្ចាំដែលវាបង្កទៅជារឿងមួយដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃព្រោះតែបញ្ហាល្បែង។ ជាលទ្ធផលសរុបមកវិញយើងឃើញថា នៅពេលនេះក្រុងបាវិតទទួលបានការកោតសរសើរពីថ្នាក់ជាតិ ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងការចុះផ្សព្វផ្សាយអំពីការបង្ការ.បង្ក្រាបនៅបញ្ហាល្បែងសុីសងអត់ច្បាប់ ដោយមិនឲ្យមានការរីកដុះដាលបន្តទៀតនោះទេ៕
No comments:
Post a Comment