ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់បឋម ក្រោមកិច្ចសហការរៀបចំ និងគាំទ្រដោយអង្គការ TICO ដែលជាអង្គការដៃគូសហការជាមួយអង្គការ JICA។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរ លោកស្រី NITTA Yasuko ប្រធានគម្រោងអង្គការ TICO លោកវេជ្ជបណ្ឌិត អ៊ុំ សារ៉ុន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត ចាន់ ដាវឹង ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺខេត្តបាត់ដំបង និងលោកវេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក ។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីក្រុមការងារគ្រូបង្គោលសង្រ្គោះបន្ទាន់បឋមថ្នាក់ខេត្ត សិក្ខាកាមដែលជាវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិក មកពីបណ្តាមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រោមឱវាទមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមទស្សនកិច្ចសិក្សាពី មន្រ្តីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ សរុបអ្នកចូលរួម ១០៧ រូប ។
សូមបញ្ជាក់ថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពក្រុមការងារប្រព័ន្ធបញ្ជូនអោយកាន់តែមានលក្ខណៈល្អប្រសើរ និងឱ្យក្លាយខ្លួនទៅជាគ្រូបង្គោលក្នុងខេត្តសម្រាប់ការបណ្តុះបណ្តាល បន្តដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ជាពិសេសនៅតាមរថយន្តគិលានសង្គ្រោះ។
លោកស្រី NITTA Yasuko ប្រធានគម្រោងអង្គការ TICO បានលើកឡើងថា កិច្ចសហការគ្នាល្អរបស់សមាជិកក្រុមការងារទាំងអស់ គឺជាគន្លឹះនៃភាពជោគជ័យ និងខ្លាំងខ្លា។ លោកស្រី ក៏សង្ឃឹមថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងនឹងបន្តសកម្មភាពបណ្តុះបណ្តាលបន្ថែមទៀតដល់មន្ត្រីរបស់ខ្លួន និងមានកិច្ចសហការគ្នាជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបងដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជា។
បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានថ្លែងថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពចម្បងមួយក្នុងចំណោមវិស័យអាទិភាពដ៏ទៃទៀត នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។
លោកបានបន្តថា វិស័យសុខាភិបាលដើរតួយ៉ាងសំខាន់ក្នុងការថែររក្សាសុខមាលភាពប្រជាពលរដ្ឋ ដែលជាធនធាន និងជាសក្តានុពល ដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិ ។ បើទោះបីជាធានធាន (មនុស្ស ឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យ) យើងពុំទាន់បានឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏យើងនឹងខិតខំអភិវឌ្ឍនូវធនធានដែលមានស្រាប់អោយអស់ពីលទ្ធភាព សមត្ថភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសាកសិទ្ធភាព។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ TICO ដែលបានសហការរៀបចំ និងគាំទ្រលើវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមក្នុងខេត្តស្វាយរៀង ក៏ដូចជាការចែកនូវបទពិសោធន៍ល្អៗ ពីសំណាក់មន្ត្រី មន្ទីរសុខាភិបាល នៃរដ្ឋខេត្តបាត់ដំបងទាំងអស់ផងដែរ៕
No comments:
Post a Comment