ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិអូរដូនអាមផ្ទុះប្រតិកម្ម ករណីក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដី ជីករំលាយទួលបូរាណ (ទួលភូមិធំ) ជ្រៅដល់ក្បាលប្រែត ដែលប្រជាពលរដ្ឋលើកឡើងថា ជាទីទួលសម្រាប់ប្រជាពលរដ្ឋទុកជាកន្លែងគោរពបូជា និងឡើងអ្នកតា សុំទឹកភ្លៀង។ បច្ចុប្បន្ន ក្រុមហ៊ុនបានជីកគាស់រំលើងរំលាយក្លាយជារណ្តៅ ចំណែកអាជ្ញាធរឃុំស្រុកឆ្លើយថា «អត់ដឹង»។
ករណីជីករំលាយទួលបុរាណនេះកើតឡើង ជិតកន្លះខែមកហើយ រហូតមកដល់ថ្ងៃទី២៩ មេសា២០២៤ នេះ ។ បើតាមប្រជាពលរដ្ឋនៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ បានប្រាប់អ្នកសារព័ត៌មានយើងថា មានក្រុមហ៊ុនមួយ បានមកប្រមូលទិញដី នៅតាមបណ្តោយមាត់អូរដូនអាម ជាង៣០ហិកតា ដើម្បីអភិវឌ្ឍន៍ ដោយឲ្យលោកមេភូមិជួយទំនាក់ទំនងទិញពីប្រជាពលរដ្ឋ បន្ទាប់មកក្រុមហ៊ុនបានកក់ប្រាក់១០% ២០% ៤០%ក្នុងហិកតា តាមគ្រួសារម្ចាស់ដី។
ហើយអ្វីដែលប្រជាពលរដ្ឋម្ចាស់ដីប្រតិកម្មន ដោយក្រុមទិញដីស្រែរបស់គាត់មិនទាន់ឲ្យលុយគ្រប់ផង ស្រាប់តែមានក្រុមអាជីវកម្មជីករណ្តៅដី បានមកជីកដីស្រែរបស់ពួកគាត់អស់ ទំហំជិត០២ហិកតា ព្រមទាំងជីករំលាយទួលបុរាណ (ទួលភូមិធំ) ដែលជាទីកន្លែងសម្រាប់ធ្វើពិធីឡើងអ្នកតា សុំទឹកភ្លៀង រលាយទួលក្លាយជារណ្តៅជម្រៅ៨ទៅ០៩ម៉ែត្រយកអាចម៌ដីទៅចាក់ នៅលើដីស្រែផ្សេងទៀត ធ្វើអភិវឌ្ឍន៍។ ហើយអ្វីដែលប្រជាពលរដ្ឋតវា នោះដោយពួកគាត់ព្រួយបារម្មណ៍ ជីកយកអាចម៌ដីក្លាយជារណ្តៅ ហើយក្រុមហ៊ុនជីករណ្តៅដីនោះលើកគ្រឿងចក្រទៅបាត់តើពួកគាត់ទៅទាប្រាក់ពីអ្នកណា ។
ទាក់ទិនករណីនេះដែរ លោកគឹម រិទ្ធី មេឃុំព្រះពន្លា បានប្រាប់អ្នកសារព័ត៌មានយើងថា លោកពុំបានដឹងទេ ករណី ក្រុមអាជីវកម្មជីករណ្តៅដី ជីករំលាយទួលបុរាណ(ទួលភូមិធំ)នេះ ក្រុមហ៊ុនមិនបានមកសុំច្បាប់ពីអាជ្ញាធរឃុំទេ សូមសួរទៅ អាជ្ញាធរស្រុកទៅ ។ ហើយចំពោះដីស្រែប្រជាពលរដ្ឋ ក៏លោកមិនដឹងដែរ រហូតមកដល់ពេលនេះមិនទាន់ឃើញ មានប្រជាពលរដ្ឋយកលិខិតកិច្ចសន្យាទិញ-លក់ដីមកចុះហត្ថលេខា នៅរដ្ឋបាលឃុំនៅឡើយ ។
គ្រាន់តែឮថា មានក្រុមហ៊ុនតាយសេង មកប្រមូលទិញដីស្រែរបស់ប្រជាពលរដ្ឋ ប្រហែល៣០ហិកតា នៅតាមបណ្តោយមាត់អូរដូនអាមនេះ ដើម្បីជីកយកអាចម៌ដីទៅចាក់នៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនតាយសេង៥ ។ ហើយក៏មិនដឹងថា គេជីករណ្តៅដីនេះទំហំប៉ុន្មានហិកតា និងជម្រៅ ប៉ុន្មានម៉ែត្រក៏អត់ដឹងដែរ។
លោកមេឃុំ បន្តទៀតថា បើតាមគម្រោង អភិឌ្ឍន៍របស់ក្រុមហ៊ុនតាយសេង៥ នេះ គេប្រមូលទិញដីស្រែពីប្រជាពលរដ្ឋនេះគឺប្រមាណ ជាង៣០០ហិកតា ឯណោះ គឺតាមបណ្តោយអូរដូនអាមនិងតាមបណ្តោយខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិអូដូនអាមទាំងអស់ ។ហើយក្រុមហ៊ុនទើបតែឲ្យថ្លៃប្រាក់កក់ប៉ុណ្ណោះ ទើបប្រជាពលរដ្ឋគាត់ព្រួយបារម្មណ៍ មិនបានទទួលប្រាក់ថ្លៃដីគ្រប់តាមតម្លៃដីឬ ក្រុមហ៊ុនចេះតែពន្យា ពេលច្រើនខែច្រើនឆ្នាំ ខាតបង់ផលប្រយោជន៍ពួកគាត់។
ទាក់ទិនករណីនេះដែរ លោកសុចពិសី អភិបាលស្រុកកំពង់រោទ៍បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងថា លោកមិនទាន់ទទួលរបាយការណ៍ពីលោកមេឃុំព្រះពន្លានៅឡើយទេ។ ចំណែកលោកប៉ាត់ សាក់ មន្ត្រីមន្ទីររ៉ែនិងឋាមពលខេត្តបានឲ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដី ឈ្មោះហួរ មកពីភ្នំពេញ បានធ្វើសកម្មភាពជីករណ្តៅដី យកអាចម៍ដី ទំហំ២ហិកតា ជម្រៅ ៨ទៅ០៩ម៉ែត្រ យកអាចម៍ដីទៅចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង៥ ហើយការជីករណ្តៅដីនេះ មិនពាក់ពន្ធ័មន្ទីររ៉ែនិងឋាមពលខេត្តទេ បើគេសុំច្បាប់តាមរយៈមន្ទីរ គឺអនុញ្ញាតិ បានត្រឹមក្រោម១ហិកតា ជម្រៅត្រឹម០៥ម៉ែត្រ។
ហើយនេះគេជីកទំហំ២ហិកតា ឡើងទៅអាចសុំទៅក្រសួង ហើយបើតាមការចុះពិនិត្យរបស់លោកគឺ ក្រុមហ៊ុនគេជីកដី នៅក្នុងតំបន់របស់គេដូច្នេះ មន្ទីរ មិនអាចចូលទៅ ហាមឃាត់ឬឲ្យផ្អាក សួរនាំរកច្បាប់ទម្លាប់ទេ ។ដោយអាជ្ញាធរ លើកទឹកចិត្តឲ្យក្រុមហ៊ុនគេមកអភិវឌ្ឍន៍នៅក្នុងខេត្តរបស់យើងដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ ចំពោះការទិញដីមិនទាន់ឲ្យប្រាក់គ្រប់ គឺពាក់ពន្ធ័ជាមួយអាជ្ញាធរ ហើយចំពោះការជីរំលាយទួលបុរាណគឺជាសមត្ថកិច្ចមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត។
ទាក់ទិនករណីក្រុមហ៊ុនជីករណ្តៅដី ជីករំលាយទួលបុរាណ(ទួលភូមិធំ)នេះដែរ លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តស្វាយរៀងបានមានប្រសាសថា លោកស្រីមន្ទាន់ដឹងរឿងនេះទេ លោកស្រីនិង ពិនិត្យមើល ថាតើ ទួលបុរាណ(ទួលភូមិធំ)នេះ មានចុះបញ្ជី ជាទួលបុរាណដែរឬអត់ ដោយទួលបុរាណមួយចំនួនមិនបានចុះបញ្ជីទេ គឺគ្រប់គ្រងដោយប្រជាពលរដ្ឋក្នុងភូមិ ទោសបីយ៉ាងណាលោកស្រីនិងចាត់មន្ត្រីជំនាញចុះទៅពិនិត្យស្រាវជ្រាវប្រសិនបើ ជាទួលបានចុះបញ្ជី លោកស្រីនិងចាត់វិធានការច្បាប់ទៅលើក្រុមហ៊ុននោះ។
មហាជនលើកឡើងថា ហួសពេលហើយ គេជីកកកាយរំលាយយកអាចម៍ដីជម្រៅដល់ក្បាលប្រែត្រ បាត់រូបរាង្គទួលទៅហើយទាន។ ទាក់ទិនករណីនេះដែរតំណាងក្រុមហ៊ុនជីករណ្តៅដីឈ្មោះហួរ បាននិយាយយ៉ាងខ្លីថា លោកអត់ដឹងទេលោកគ្រាន់តែជីកស៊ីឈ្នួលតាមម្ចាស់ដីឲ្យជីកទេ។ ចំណែកក្រុមហ៊ុនតាយសេងវិញអ្នកសាព័ត៌មានយើងមិនអាចរកការបំភ្លឺបានទេរហូតមកដល់ថ្ងៃទី២៩មេសានេះ៕
No comments:
Post a Comment