ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤
លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកចំនួន ០១ខ្សែ ប្រវែង ៣៧០២ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ឋិតនៅភូមិសំឡីខាងជើង និងភូមិតាប៉ោ ដោយប្រើប្រាស់កញ្ចប់មូលនិធិអភិវឌ្ឍន៍ឃុំសំឡី ឆ្នាំ២០២៤។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំបើកការដ្ឋានរួមមាន៖ មន្រ្តីបច្ចេកទេសខេត្ត, ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ, លោកមេឃុំសំឡី, លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ តំណាងក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋនៅក្នងភូមិឡីខាងជើង និងភូមិតាប៉ោ។
ក្នុងកិច្ចប្រជុំនេះដែរ លោក សុច ពិសី អភិបាលស្រុក បានមានប្រសាសន៍ណែនាំដល់ក្រុមហ៊ុនដែលជាអ្នកទទួលការក្នុងការជួសជុលគម្រោង ផ្លូវក្រាលថ្មរបំបែកនេះ អោយយកចិត្តទុកដាក់អនុវត្តយ៉ាងណាអោយបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសដែលមានចែងនៅក្នុងឯកសារគម្រោង។ មិនតែប៉ុណ្ណោះលោកអភិបាលស្រុកក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមអមសងខាងផ្លូវនេះ សូមមេត្តាជួយពិនិត្យ និងតាមដានការអនុវត្តគម្រោងនេះផង ពីព្រោះថាកញ្ចប់ថវិកាដែលយកមកអនុវត្តគម្រោងនេះគឺជាថវិការបស់យើងទាំងអស់គ្នា ដែលរាជរដ្ឋាភិបាលបានផ្ទេរមកអោយរដ្ឋបាលឃុំធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានភូមិ ឃុំ របស់យើង ដូច្នេះយើងត្រូវតែចូលរួមទាំងអស់គ្នា ទាំងការចូលរួមត្រួតពិនិត្យ តាមដាន និងការចូលរួមបរិចាគដោយ ស្ម័គ្រចិត្ត នូវផលប៉ះពាល់ទាំងឡាយដល់ការអនុវត្តគម្រោងនេះ។
ជាមួយគ្នានោះដែរលោកអភិបាលស្រុក ក៏បានសំណូមពរអោយប្រជាពលរដ្ឋ ជួយថែរក្សានូវសមិទ្ធផល(ផ្លូវ) ដែលនឹងកើតឡើងនេះអោយបានល្អ ហាមការដឹកលើសទំងន់ ថែរក្សាកុំអោយមានទឹកដក់ ឬ ទឹកហូរលើផ្លូវ ជាប្រចាំ ពីព្រោះវាអាចបណ្តាលអោយផ្លូវឆាប់ខូច។
តាមរយៈប្រសាសន៍សំណេះសំណាលដ៏មានខ្លឹមសាររបស់លោកអភិបាលជាមួយបងប្អូនប្រជាពលរដ្ឋ ឃើញថាបងប្អូនប្រជាពរដ្ឋ មានការត្រេកអរ សាទរ សប្បាយរីករាយ និងប្តេជ្ញាចូលរួមជាមួយនឹងរដ្ឋបាលឃុំ ព្រមទាំងតំណាងក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តគម្រោងនេះប្រព្រឹត្តិទៅដោយរលូន និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
No comments:
Post a Comment