នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទ (២៤ មិថុនា) ថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តចំពោះសំណើបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ហើយអង្គភាពយោធារបស់លោកបាននិយាយថា កងកម្លាំងហាម៉ាស ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា ជិតត្រូវលុបបំបាត់អស់ហើយ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា «យើងប្តេជ្ញាចំពោះសំណើឈប់បាញ់របស់អ៊ីស្រាអែល ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានស្វាគមន៍។ ជំហររបស់យើងមិនផ្លាស់ប្តូរទេ គឺយើងមិនបញ្ចប់សង្គ្រាមឡើយរហូតក្រុមហាម៉ាស ត្រូវបានកម្ចាត់»។
យោធាអ៊ីស្រាអែល និយាយថា «យើងកំពុងខិតជិតដល់ចំណុចដែលអាចនិយាយបានថា យើងបានកម្ចាត់កងពលតូចហាម៉ាសនៅក្រុងរ៉ាហ្វា។ នេះមិនមានន័យថាគ្មានភេរវករទៀតនោះទេ ប៉ុន្តែក្នុងន័យថា ក្រុមនេះមិនអាចដំណើរការជាអង្គភាពប្រយុទ្ធបានទៀតឡើយ»។
ជាការឆ្លើយតបទៅនឹងសំណួរអំពីការលើកឡើងរបស់កងទ័ពអ៊ីស្រាអែល លើការកម្ចាត់ក្រុមហាម៉ាស នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់-ចាហ្ស៊ីរ៉ា (Al Jazeera) កាលពីថ្ងៃចន្ទ លោក ខាលីល អាល់-ហាយយ៉ា (Khalil Al-Hayya) អនុប្រធានក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បាននិយាយថា «ប្រសិនបើអ៊ីស្រាអែល ចង់បញ្ចុះបញ្ចូលខ្លួនឯងថាខ្លួនបានសម្រេចគោលដៅរួចហើយ យោធានេះគួរតែចាកចេញពីតំបន់ហ៊ុមព័ទ្ធនេះទៅ»៕
No comments:
Post a Comment