មេឈ្មួញឈើដេវីត កំពុងដឹកជញ្ជូនឈើចេញពីស្នាក់ការរងបរិស្ថានស្រែឈូក កាត់តាមផ្លូវផ្សារ ១១៥ យ៉ាង សកម្មដោយគ្មានការបង្ក្រាប - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មេឈ្មួញឈើដេវីត កំពុងដឹកជញ្ជូនឈើចេញពីស្នាក់ការរងបរិស្ថានស្រែឈូក កាត់តាមផ្លូវផ្សារ ១១៥ យ៉ាង សកម្មដោយគ្មានការបង្ក្រាប



ខេត្តមណ្ឌលគិរី៖ប្រភពព័ត៌មានរាយការណ៍ថា មេឈ្មួញឈេីម្នាក់ឈ្មោះដេវីត កំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីតំបន់អភិរក្សនៃស្នាក់ការរងបរិស្ថានចំណុចស្រែ ឈូក ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមាយ៉ាងសកម្ម ដោយឆ្លងកាត់តាមផ្លូវ១១៥និងជួនកាលផ្លូវ ៣៥ ឆ្លងចូលទឹកដីខេត្តក្រចេះ មុនបន្តដំណើរចូលទៅប្រទេសវៀតណាម។ ចំណុចដើមទីគឺការដឹកចេញពីដែនអភិរក្សនៃស្នាក់ការរងបរិស្ថានស្រែឈូក គ្រប់គ្រងដោយលោក ម៉ាន ហ្វាអ៊ីលីន ក្នុងដែនជំរកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដឹកនាំនិងគ្រប់គ្រងដោយ លោកឆៅ ប៊ុនធឿន ដែលលោកឆៅ ប៊ុនធឿន ត្រូវបានលោកថង សាវុន អភិបាល ខេត្តមណ្ឌលគិរីស្នើរ ទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិតអៀង សុផល្លែត ឲ្យដកតំណែងចេញ។

នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយក្រុមនៅក្នុងភូមិសាស្ត្រស្រុកស្នួលខេត្តក្រចេះបានឃាត់សួរនាំឈ្មួញឈើឈ្មោះ ដេវីត បានមួយភ្លែត ក៏ត្រូវគេឃើញដោះលែងឱ្យរថយន្តដឹកឈើពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។ ប្រភពរាយការណ៍បន្ថែមថា ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែ ឈូកកាត់តាមផ្លូវផ្សារ១១៥ និងផ្លូវ៣៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែន ស្រុកស្នួល ខេត្ត ក្រចេះ ខាងលើនេះ បានកើតមានជារៀងរាល់ថ្ងៃ។ ឈើទាំងនោះ ត្រូវបានដឹកចេញពីតំបន់ដែនអភិរក្សសីមា ជា ពិសេសដឹកចេញពីតំបន់ស្រែឈូក គ្រប់គ្រងដោយលោក ម៉ាន ហ្វាអ៊ីលីន។ ក្រៅពីឈ្មួញខាងលើនេះ ក៏នៅមានក្រុមអ្នករកស៊ីផ្សេង ទៀតធ្វើសកម្មភាពជារៀងរាល់ ថ្ងៃ ដែលក្នុងនោះក៏មាន ការដឹកជញ្ជូនតាមម៉ូតូផងដែរ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងតំបន់ស្រែ ឈូកសកម្មភាព នៃការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកើតមានជារៀងរាល់យប់ដោយសារតែការឃុបឃិតគ្នា ជាប្រព័ន្ធរវាងឈ្មួញនិងមន្ត្រីបរិស្ថាន ដែលទទួល ខុសត្រូវនៅទីនោះគឺលោកម៉ាន ហ្វាអ៊ីលីន។ លោក ម៉ានហ្វាអេលីនជាអ្នកគ្រប់គ្រងស្នាក់ការរងបរិស្ថានស្រែឈូក ហើយស្នាក់ការរងបរិស្ថានស្រែឈូក ស្ថិតក្រោមការគ្រប់ គ្រងរបស់ការិយាល័យដែនជម្រកសត្វព្រៃកែវសីមាដែលដឹកនាំដោយលោកស៊ិន សត្ថា។ ដូច្នេះ ហើយបានជាគេថា បទល្មើសព្រៃឈើដែលកំពុងកើត មាននៅក្នុងទឹកដីខេត្តមណ្ឌលគិរី ជាពិសេសចេញពីតំបន់អភិរក្សកែវសីមារាល់ថ្ងៃនេះគឺជាប្រព័ន្ធ។ ប្រព័ន្ធនោះគឺថា បើបង់លុយឲ្យលោកម៉ាន ហ្វាអ៊ីលីន ហើយមិនបង់ឲ្យលោកស៊ិន សត្ថា ក៏មិនអាចដំណើរការដឹកជញ្ជូនបានដោយរលូននោះដែរ ហើយបង់ឲ្យលោកសត្ថា តែមិនបង់ឲ្យលោកប្រធាន ឆៅប៊ុនធឿន ក៏មិនអាចដំណើរការបានដែរ។

យ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា ករណីខ្លះលោកម៉ាន ហ្វាអេលីន បើទោះបីជាជិតស្និតជាមួយនឹងមេ ស៊ិន សត្ថា ក៏ដោយក៏រឿយៗលោក អ៊ីលីន តែងតែស៊ីដាច់មេរបស់ខ្លួនញឹកញាប់ដែរ។ករណីខ្លះម៉ូតូ១គ្រឿងត្រូវបង់៥-៨ម៉ឺនរៀល ជួនកាលក៏លោក អ៊ីលីន មិនបង់ឲ្យលោកប្រធាន សត្ថា នោះដែរ។ លោកអ៊ីលីន តែងតែស៊ីដាច់លោកសត្ថា ញឹកញាប់ ប៉ុន្តែក៏មិនហ៊ានស៊ីករណីធំៗនោះដែរ។ ប្រភពខ្លះខ្សឹបថា ពួកឈ្មួញរកស៊ីដឹកឈើមួយចំនួនខិលខូចមិនបានផ្ដល់លាបសក្ការៈឲ្យលោកប្រធានមន្ទីរឆៅ ប៊ុនធឿន នោះដែរ ពីព្រោះលោកឆៅ
ប៊ុនធឿន មិនមែនជាអ្នកដែលនៅប្រតិបត្តិការ ឃើញផ្ទាល់នៃបទល្មើសនោះឡើយ។

ក្រៅពីសកម្មភាព ដែលកំពុងកើតមាននៅតំបន់ស្រែ ឈូកសព្វថ្ងៃនេះ ក៏នៅមានការដឹកជញ្ជូនចេញពីតំបន់ក្រោមក្លៀករបស់ដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិត នៅតាមបណ្ដោយផ្លូវលេខ៧៦ ជារៀងរាល់ថ្ងៃនោះដែរ។ អ្វីដែលកំពុងកើតមាន វាជាផលប្រយោជន៍បុគ្គល ក្នុង នាមលោកឆៅ ប៊ុនធឿន ដែលកំពុងសន្សំកាក់ល្អិត ពីបទល្មើសព្រៃឈើ។ លោកឆៅ ប៊ុនធឿន មិនដែលខ្វល់អំពីបញ្ហាដែលកំពុងកើតមាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ បើទោះបីជារដ្ឋបាលខេត្តមណ្ឌលគិរី បានស្នើឲ្យក្រសួងបរិស្ថានដកលោក(ឆៅ ប៊ុនធឿន)ចេញពីតំណែងក៏ដោយ។ ជាការពិត រហូតមកដល់ពេលនេះមិនទាន់ឮមានចំណាត់ការយ៉ាងណានៅឡើយ ចំពោះលោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន។ ដូច្នេះលោកឆៅ ប៊ុនធឿន នៅតែអាច…ពីបញ្ហាបទល្មើសដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វជារៀងរាល់ថ្ងៃ៕
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តាមរបបសារព័ត៌មាននៅកម្ពុជាតែប៉ុណ្ណោះសូមអរគុណ៕










No comments:

Post a Comment

Pages