នៅក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េ បានធ្វើការពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានមានប្រសាសន៍ថា (កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន) ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគនូវសម្ភារៈបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យព្យាបាលអ្នកជំងឺសរុប១.២០០ នាក់ ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសាស្រ្តទំនើប និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលប្រជាពលរដ្ឋពីបញ្ហាសុខភាព។ សម្រាប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យកូរ៉េ បានពិនិត្យព្យាបាលអ្នកជំងឺសរុប បាន២.០០០នាក់។
No comments:
Post a Comment