កិច្ចប្រជុំនេះធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រធានបទខាងលើ និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់អាទិភាពដល់វិស័យសុខាភិបាលនិងការគាំពារសុខភាពសង្គម ក្នុងចំណោមវសិ័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖
១-បានអនុម័តលក្ខខន្តិកៈ សម្រាប់ការបង្កើតក្រុមការងារស្តីពីកិច្ចសហការហិរញ្ញវត្ថុ និងសុខាភិបាល ដែលនឹងជួយសម្រួលដល់ការសម្របសម្រួលឆ្លងវិស័យរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលអាស៊ាន ។
២-បានប្រគល់ភារកិច្ចឱ្យក្រុមការងារពិភាក្សា និងដោះស្រាយចំណុចប្រសព្វនៃការពិចារណាផ្នែកហិរញ្ញវត្ថុ និងលទ្ធផលសុខភាព ដោយទទួលស្គាល់ទំនាក់ទំនងអន្តរកម្មនៃវិស័យទាំងពីរនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ និងការរៀបចំការសម្របសម្រួលរវាងវិស័យហិរញ្ញវត្ថុ និងវិស័យសុខាភិបាល។
៣-ឯកភាពក្នុងការបង្កើនការយោគយល់គ្នាក្នុងតំបន់ និងស្វែងរកដំណោះស្រាយលើហានិភ័យទាក់ទងនឹងសុខភាព និងជម្រើសហិរញ្ញប្បទាន។
៤-ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអន្តរជាតិ ដៃគូសន្ទនា និងអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការបង្កើតនូវអាស៊ានដែលមានសុខភាពល្អ ការយកចិត្តទុកដាក់ និងសហគមន៍ដែលមាននិរន្តរភាព។
No comments:
Post a Comment