អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបញ្ជាក់ទៅ អ្នកស្រី ដុង ស្រីមុំ ថា ការចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើងខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបញ្ជាក់ទៅ អ្នកស្រី ដុង ស្រីមុំ ថា ការចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើងខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់



ឧត្តរមានជ័យ៖ អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រទី ២៣ខែសីហានេះថា នៅក្នុងចំណាត់ ការរបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៥១ ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ការប្តឹងចោទប្រកាន់មកលើតំណាងអយ្យការនិងចៅក្រមស៊ើបសួរថា បានចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើង ខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់ និង ធ្វើឡើងក្នុងចេតនាគេចពីការទទួលខុសត្រូវចំពោះទង្វើដែល ខ្លួនបានប្រព្រឹត្តតែប៉ុណ្ណោះ ដោយហេតុថា តំណាងអយ្យការ និងចៅក្រមស៊ើបសួរ ពុំបានជួបឬទំនាក់ទំនងជាមួយ ឈ្មោះ ដុង ស្រីមុំ និងបុគ្គលណាម្នាក់ ដើម្បីធ្វើសកម្មភាពដូចការលើកឡើងនោះទេ។
ការឆ្លើយតបរបស់អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនេះធ្វើឡើង ខណៈដែលកាលពីថ្ងៃទី២២ ខែសីហានេះ អ្នកស្រី ដុង ស្រីមុំ អះអាងថា អ្នកស្រីជាជនរងគ្រោះ គឺបានដាក់ ពាក្យបណ្តឹងមួយច្បាប់ចុះថ្ងៃទី៤ខែកក្តដាឆ្នាំ២០២៤ គោរពសុំអន្តរាគមន៍ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  ឯកឧត្តម អគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងយុត្តិធម៌ លោកជំទាច ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ករណីលោក ប៉េង ម៉េងគ័រ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹង ករណីចាប់ឃុំឃាំងដោយបំពាន ហើយបានទាមទារយកប្រាក់ជាថ្នូរនឹងការដោះលែងខ្លួន។
ប៉ុន្តែក្រោយការចុះផ្សាររបស់សារព័ត៌មាន ក្នុងស្រុក កាលពីថ្ងៃទី២២ខែសីហានេះ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញសេចក្តីថ្លែងការណ៍ថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានពិនិត្យស្រាវជ្រាវ និងចាត់ការលើករណីនេះ ដោយម៉ត់ចត់ និងយកចិត្តទុកដាក់បំផុត ដើម្បីធានាការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ដោយឈរលើអង្គហេតុភស្តុតាង និងអង្គច្បាប់ជាធរមាន។
ក្នុងករណីនេះ ឈ្មោះ ដុង ស្រីមុំ ត្រូវបានសមាជិកលេងតុងទីនចំនួន០៩រូប ដាក់ពាក្យបណ្តឹងដោយប្តឹងពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិភ្ញៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៥១ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍ បានបង្ហាញថា តាមលទ្ធផលនៃការអង្កេត ស្រាវជ្រាវ និងភស្តុតាងនានា មានមូលដ្ឋានរអាចកំណត់បានអំពីរអង្គហេតុ ដូចតទៅ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ ដុង ស្រីមុំ បានធ្វើជាមេតុងទីន ដែលមានសមាជិកលេងតុងទីនចំនួន៤៣រូប ដោយលេងក្នុងមួយក្បាលចំនួនCS៤០០,០០០ (សែបសិបម៉ឺន) រៀល និងដេញចំនួន២លើក ក្នុងមួយខែ។
ក្នុងការលេងតុងទីនេះ ឈ្មោះ ដុង ស្រីមុំ បានតម្រូវឲ្យសមាជិកទាំងអស់បង់ប្រាក់ជាមុនឲ្យខ្លួនក្នុងម្នាក់ៗចំនួន ៤០០,០០០ (សែសិបម៉ឺន)រៀល ដោយឈ្មោះ ដុង ស្រីមុំ ក៏មាន ឈ្មោះចូលរួមជាសមាជិកលេងតុងទីននេះដែរ មានន័យថា ឈ្មោះ ដុង ស្រីមុំ ធ្វើជាមេតុងទីនផង និងជាកូនតុងទីនផង។
សេចក្តីថ្លែងការណ៍លើកឡើងបន្ថែមថា ក្នុងដំណើរការលេងតុងទីននេះ សមាជិកខ្លះបានចូលរួមដេញ ប៉ុន្តែទោះបីជាបានដាក់ការប្រាក់ខ្ពស់យ៉ាងណា ក៏ឈ្មោះ ដុង ស្រីមុំ មិនអនុញ្ញាតឲ្យដេញយកដែរ។

ក្រោយមកដោយមានការសង្ស័យ សមា ជិកមួយចំនួនដែលជាដើមបណ្តឹងក៏បាន ជួបសួរនាំគ្នា ទើបដឹងថា សមាជិកលេងតុងទីនដែលមានឈ្មោះនៅក្នុងតារាង គឺមានសមាជិកខ្លះមិនបានលេងពិតប្រាកដទេ ហើយឈ្មោះសមាជិកខ្លះ មានតែឈ្មោះ ពុំមានអត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដឡើយ។
តាមអង្គហេតុនេះ បញ្ជាក់ច្បាស់ថា ឈ្មោះ ដុង ស្រីមុំ ពិតជាមានការបន្លំ និងប្រឌិតនូវឈ្មោះសមាជិក លេងតុងទីន ប្រាកដមែន។
ចំពោះចំណាត់ការនានា ដែលបានធ្វើឡើងដោយតំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ត្រូវបានធ្វើ ឡើងដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុ និងភស្តុតាង ដោយអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន ។
ទាក់និងសេចក្តីថ្លែងការណ៍របស់
អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនេះអ្នកស្រី  ដុង ស្រីមុំ បានបដិសេធទាំងស្រុងចំពោះការបកស្រាយខាងលើ ដោយអ្នកស្រីសង្ឃឹមថា នឹងមានយុត្តិធម៌ពិតផងដែរ។

សូមបញ្ជាក់ថា អ្នកស្រី ដុង ស្រីមុំ កាលពីថ្ងៃទី៤ ខែ មិនា ឆ្នាំ២០២២ បានធ្វើជាមេតុងទីនចំនួន ៣ខ្សែ ខ្សែទី១ ក្បាល៥ មឺរៀល មានសមាជិកចំនួន ១១៥ នាក់ ខ្សែទី២ក្បាល ១០ ម៉ឺនរៀលមានសមាជិក ៧១នាក់ និងខ្សែទី៣ក្បាល ៤០ម៉ឺនរៀលមានសមាជិកចំនួន ៤៣ នាក់ នៅក្នុងនោះមានកូនតុងទីនមួយចំនួនបានដេញតុងទីនយកប្រាក់ហើយមិនព្រមបង់មកវិញទេ។
មិនត្រឹមតែប៉ុណ្ណោះទេ ពួកកូនតុងទីនទាំងនោះនាំគ្នារត់ទៅប្តឹង អ្នកស្រី ដុង ស្រីមុំ នៅសាលាដំបូងខេត្តឧត្តមានជ័យ រហូតមកដល់ថ្ងៃ ៧ខែតុលាឆ្នាំ២០២២ ក៏ទទួលដិការកោះអោយចូលឆ្លើយបំភ្លឺពីបទឆបោកនិងរំលោភលើទំនុកចិត្ត។

សរុបមក ជុំវិញសំណុំរឿងមេតុងទីនអ្នកស្រី ដុង ស្រីមុំ និង អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនិងលោកចៅក្រម  ក្រោយពីបែកធ្លាយជាសាធារណៈ ឥឡូវនេះ មហាជន កំពុងតែតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់ នឹងមានជំនឿលើស្ថាប័នតុលាការ  ព្រោះ មិនដែលឃើញពលរដ្ឋសាមញ្ញហ៊ានប្តឹង ព្រះរាជអាជ្ញារង និងប្រធានតុលាការឬចៅក្រមនោះឡើយ តើយុត្តិធម៌ពិតនឹងបង្ហាញនាពេលខាងមុខនេះឬយ៉ាងណា។







No comments:

Post a Comment

Pages