ភ្នំពេញ៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពី សកម្មភាពក្មេងទំនើងប្រើអំពើហិង្ង្សា ដាក់គ្នា នៅខណ្ឌពោធិ៍សែនជ័យ កាលពីពេលកន្លងទៅថ្មីៗនេះ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវ ឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប ១៨នាក់ ដែលក្រុមទី១ រហស្សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន ១៤នាក់ និងទី២ ក្រុមរហស្សនាមផ្ទះឡ ចំនួន៤នាក់។
ក្រុមក្មេងទំនើងទាំង២ក្រុមនេះ បានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកលេីផ្លូវសាធារណៈ ដោយប្រើ (ដំបង កាំបិតផ្គាក់ ដុំថ្ម ) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៣:៣០នាទីជិតភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល ២៥នាក់ (ធ្លាប់ធ្វើសកម្មភាពកាប់គ្នា១លើក នៅក្រោយសណ្ឋាគារ យូអេងផ្លូវសហព័ន្ធរុស្សីក្នុងកំឡុង(ខែកញ្ញា) ឃាត់ខ្លួនបានចំនួន ១៤នាក់ នៅសេសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។ ដោយឡែកក្រុមទី២ មានឈ្មោះ (ផ្ទះឡ ) មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន២លើក ឃាត់ខ្លួនបានចំនួន៤នាក់។ នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។
មូលហេតុក្រុមទាំង២មានអំពើហិង្សា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុមៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឲ្យក្រុមទី២ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏មានការស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
No comments:
Post a Comment