ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសកែសម្រួលទីបញ្ជាការស្រាល និងពង្រឹងតួនាទី/ភារកិច្ច និងឧបត្ថម្ភអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនកងកម្លាំងចម្រុះនៅតំបន់ដែនព្រៃជម្រកសត្វបឹងពែរ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសកែសម្រួលទីបញ្ជាការស្រាល និងពង្រឹងតួនាទី/ភារកិច្ច និងឧបត្ថម្ភអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនកងកម្លាំងចម្រុះនៅតំបន់ដែនព្រៃជម្រកសត្វបឹងពែរ




(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ  បានដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្តីសម្រេចស្ដីពីការកែសម្រួលទីបញ្ជាការស្រាលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក និង​ឯក​ឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន២ គោលដៅ ស្ថិតនៅក្នុងឃុំសាគ្រាម  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមលេខាធិការដ្ឋានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអានសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាលប្រចាំការនៅតំបន់ព្រៃជម្រកសត្វបឹងពែរ ដោយចែកចេញជាពីរទីបញ្ជាការស្រាលនៅតំបន់ភ្នំប្រង់ និងទីបញ្ជាការស្រាលនៅតំបន់ជាំក្របី ដោយប្រើប្រាស់កម្លាំងចម្រុះ ងាយស្រួលក្នុងការធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ត បានណែនាំដល់មន្ត្រីក្រោមឱវាទនិងអាជ្ញាធរដែនដី​ ត្រូវផ្សព្វផ្សាយ ជូន​ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាបអំពីច្បាប់ស្តីពីការគ្រប់គ្រងការពារតំបន់ធនធានធម្មជាតិ និង​ដោយ​ឡែក​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុង​បន្ត​សកម្មភាព​លើដី ដែលច្បាប់ហាមឃាត់ ត្រូវបញ្ឈប់ជាបន្ទាន់ និងមិនត្រូវកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់ហាមឃាត់ជាថ្មីទៀតជា​ដាច់​ខាត​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលបានប្រគល់ភារកិច្ចឲ្យកងកម្លាំងចម្រុះ ត្រូវសហការគ្នាឲ្យបានល្អក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ដោយមិនឱ្យមានការកើតឡើងជាថ្មីនៅការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងត្រូវធ្វេីការគ្រប់គ្រងដីរបស់រដ្ឋ ដែលបានលួចកាប់ទន្ទ្រានដោយខុសច្បាប់កន្លងមកឲ្យនៅគង់វង្ស ទុកជាសម្បត្តិរដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះទាំងពីរគោលដៅនៃទីបញ្ជាការស្រាល ត្រូវប្តេជ្ញាចិត្តឱ្យបានដាច់ខាត គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមភារកិច្ច ដែលបានប្រគល់ជូន ក្នុងនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចជំនាញ ត្រូវផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រូតជ្រាប​  និង​ត្រូវ​អនុវត្តន៍​វិធានការ​ច្បាប់​យ៉ាង​មុឺងម៉ាត់​ដោយគ្មានការលេីកលែង​ចំពោះ​ជន​ណា​នៅ​តែ​បំពាន​ក្នុង​ការ​ទន្រានយកដីរដ្ឋធ្វេីជាកម្មសិទ្ឋ​។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និងថវិកាចំនួន ២​ លាន​ រៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​ឯក​ឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ព្រម​ទាំង​ជំនួយ​ឧបត្ថម្ភ​របស់​លោក​តុប​កក្កដា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់​ធំ​ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តធ្វើសកម្មភាព ដោយគ្មានការដកថយឡើយ៕ អត្ថបទតំបន់សឹករងកំពង់ធំ។















No comments:

Post a Comment

Pages