ខេត្តស្ទឹងត្រែង៖ លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកដែលបានកាប់រំលំដើមឈើទាលធំៗជាច្រើនដើម ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកអភិបាលខេត្តបាន មានប្រសាសន៍ដូច្នេះថា «អ្នកល្មើស និងបក្ខពួក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។
ការព្រមានបែបនេះ របស់លោកអភិបាលស្ទឹងត្រែង សរ សុពុត្រា ក្រោយពេលដឹងថាដើមឈើទាលធំៗទាំងនោះ ត្រូវបានគេកាប់រំលំធ្លាក់ដល់ដីអស់ជាច្រើនដើមកាលពីពេលថ្មីៗនេះ។
សូមរំឭកថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើទាលខាងលើ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក សន សារឿន អភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង សុភ័ណ្ឌ បានចុះត្រួតពិនិត្យទីតាំងការកាត់រំលំដើមឈើទាលនេះ ។
តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អារច្រៀកខាងលើនេះ សរុបចំនួន៥៦គល់ ត្រូវបានអារជាគ្រឿងផ្ទះ។ក្នុងនោះអាររំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ឈើទាំងនោះ មានអង្កាត់ផ្ជិតចាប់៤០សង់ទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ ។ឈើអារច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័ររបស់អ្នកភូមិ ហើយទីតាំងនោះមានចម្ការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ។ សេចក្តីសន្និដ្ឋានរបស់ក្រុមការងារ ករណីខាងលើនេះជាករណីកាប់រំលំ អារច្រៀកឈើ បន្ទាប់មកកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ។
បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រឹត្ត ដើម្បីចាត់ការតាមនិតិវិធី៕
No comments:
Post a Comment