ឯកឧត្តម​ ឡោ​ រស្មី​ អញ្ជេីញចូលរួមសំណេះសំណាលជាមួយអាជីវករជីកសិកម្ម​ និងថ្នាំកសិកម្មក្នុងខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម​ ឡោ​ រស្មី​ អញ្ជេីញចូលរួមសំណេះសំណាលជាមួយអាជីវករជីកសិកម្ម​ និងថ្នាំកសិកម្មក្នុងខេត្តកំពង់ធំ




(កំពង់ធំ​)៖​ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡោ​ រស្មី​ អនុ​រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ដុំ​ លក់រាយថ្នាំកសិកម្ម​ និងជីកសិកម្ម​ នៅក្នងខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកជំទាវ​ ហ៊ូ​ សុពណ៍ អនុ​រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម ព្រឹម​ រដ្ឋាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរកសិកម្មខេត្ត មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងអាជីវករចូលរួមសរុប ២០៥នាក់ និងមន្រ្តីកសិកម្មឃុំ-ស្រុក​ ​២១នាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តម​ ព្រឹម​ រដ្ឋា​ បានសំណូមពរដល់អាជីវករក្នុងខេត្តកំពង់ធំ​ទាំងអស់ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល​មួយចំនួនដែលរៀបចំឡេីងដោយក្រសួងកសិកម្មឱ្យបានញឹកញាប់ ដើម្បីធានាថា នៅពេលរៀនចប់ នឹងក្លាយជាអាជីវករជី-ថ្នាំកសិកម្ម ប្រកបដោយមនសិការវិជ្ជាជីវៈ ជាអ្នកប្រឹក្សាយោបល់ដ៏ល្អដល់អ្នកប្រើប្រាស់ និងតម្រូវការរបស់ប្រជាកសិករ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ឱ្យចេះបែងចែករវាងជី-ថ្នាំកសិកម្ម និងទំនិញផ្សេងៗ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារខ្លួនឯង និងសុខភាពសាធារណជៀសវាងធ្វើឱ្យបាត់បង់តុល្យភាពជីវសាស្រ្ត បរិស្ថាន ដូចជា ទឹក ដី បរិយាកាស និងជាឧបសគ្គដល់ការនាំចេញកសិផលទៅលក់នៅក្រៅប្រទេស។

ជាមួយគ្នានោះផងដែរ​ ឯកឧត្តម​ ឡោ​ រស្មី​ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ដែលបានសហការក្នុងការគ្រប់គ្រងដល់អាជីវករធាតុចូលកសិកម្ម និងទប់ស្កាត់ការចរាចរណ៍ជី-ថ្នាំកសិកម្មខុសច្បាប់ នៅតាមព្រំដែន តាមគោលការណ៍ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍​ និងសហគមន៍” ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ក្នុងការធានាបាននូវគុណភាពផលិតផលកសិកម្មក្នុងស្រុក និងប្រសិទ្ធភាពសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រដល់វិស័យកសិកម្មក្នុងការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាពិសេស ការរៀបចំគោលនយោបាយផលិតជីសរីរាង្គ ឱ្យផលិតជីសរីរាង្គក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។

ឯកឧត្តម​ ឡោ​ រស្មី​ បានសំណូមពរដល់ក្រុមហ៊ុន​ អាជីវករ​  និងមន្រ្តីកសិកម្មឃុំ​ ទាំងអស់ចូលរួមចែករំលែកនូវចំណេះដឹងអោយបានទូលំទូលាយនិងសុីជម្រៅ​ ជាពិសេសអំពីការប្រេីប្រាស់ជីកសិកម្មអោយបានត្រឹមត្រូវទៅតាមស្ថានភាពដំណាំ​  និងដី​ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាងៗខ្លួន។
អត្ថបទដោយ​ យីម​ ប៊ុន​ ហ័រ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។










No comments:

Post a Comment

Pages