(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះអន្តរាយលេខ ៧១១ អង្គភាពកងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានបំពេញភារកិច្ចក្នុងការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងក្រុងស្ទឹងសែន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ប្រកបដោយជោគជ័យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះចំពោះក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេល ៣យប់ បីថ្ងៃ ក្នុងការបាញ់សម្លាប់សត្វមូសនៅក្នុងភូមិចំនួន៣៩ ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន ៨សង្កាត់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរួចរាល់ជាស្ថាពរ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ មានសេចក្តីសប្បាយរីករាយអបអរសាទរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ដែលបានចាត់តាំងក្រុមការងារមកបាញ់ថ្នាំសម្លាប់សត្វមូស ដែលកំពុងរាតត្បាតនៅក្នុងឱកាសនេះ ដើម្បីសុខុមាលភាពរបស់ប្រជាជន។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន បានប្រគល់ថវិកាចំនួន២លានរៀល និងប្រេងសាំងចំនួន ៥០០លីត្រ ជូនដល់កម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះអន្តរាយកងពលតូចលេខ៧០ ដើម្បីដោះស្រាយសេចក្តីត្រូវការ និងជាការលើកទឹកចិត្ត ជូនបងប្អូន ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើ បានប្រគល់ជូន។
ឧត្តមសេនីយ៍ត្រី ជឹម សិរីវុឌ្ឍី នាយសេនាធិការរងកងពលតូចលេខ៧០ និងជាមេបញ្ជាការដឹកនាំក្រុមបច្ចេកទេសបាញ់ថ្នាំសម្លាប់សត្វមូស នៅខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ក៏ដូចជាបានសម្របសម្រួលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការបំពេញភារកិច្ចបានល្អ និងសូមគោរពជូនពរឯកឧត្តមអភិបាលខេត្ត ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ
No comments:
Post a Comment