(ព្រះវិហារ)៖ លោកសេង រាជសីប្រធានសមាគមន៍មិត្តភាពអ្នកសារព័ត៌មានអាស៊ាន និងសមាជិក សមាជិកាទាំងអស់បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់វីរៈកងទ័ពខ្មែរដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ នៅទិសមុំបីឆងបក ដែលជាសមរភូមិជួរមុខ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តកងទ័ពត្រៀមទប់ទល់នឹងការឧទ្ទាមពីសំណាក់ប្រទេសជិតខាង ដែលតែងតែចិញ្ចឹមចិត្តឈ្លានពានព្រំដែន ដោយមានការផ្ទុះអាវុធបំពានកងទ័ពខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ជាតឹកតាងស្រាប់។
ក្នុងឱកាសនោះដែរលោកសេង រាជសី និងសមាជិក សមាជិកាទាំងអស់បានសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំបំផុតចំពោះមរណៈភាពព្រិន្ទបាលឯកសួន រោនដែលបានពលីដោយសារដៃកងទ័ពឈ្លានពាន វាយប្រហាររូបលោក និងកងទ័ពកម្ពុជាដទៃទៀតដោយមិនញញើតដៃ។
បន្ថែមពីនេះលោកក៏បានសំណេះសំណាល សួរសុខទុក្ខបងប្អូនកងទ័ពវរសេនាតូចលេខ៣៩១ ៣៩២ ៣៩៣ ៣៩៤ និងវរសេនាតូចលេខ៣៩៥ នៃកងពលធំអន្តរាគមន៍លេខ៣ ដោយបានសំណូមពរដល់បងប្អូនកងទ័ពទាំងអស់ឱ្យថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឈរជាសសរទ្រូងប្រទេសជាតិ និងរួបរួមសាមគ្គីគ្នាការពារខ្សែបន្ទាត់ព្រំដែនកម្ពុជាឱ្យបានគង់វង្សជារៀងរហូត។
ជាចុងបញ្ចប់ លោកសេង រាជសីនិងសមាជិក សមាជិកាបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់របស់រាជរដ្ឋាភិបាលដែលលើកយកបញ្ហាព្រំដែន ទៅកាន់តុលាការអន្តរជាតិ(ICJ) ដើម្បីដោះស្រាយ។ ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថមដល់កងទ័ពតាមរយៈរូបលោក និងលោកហៀង លីហាក់ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការសមាគមន៍មិត្តភាពអ្នកសារព័ត៌មានអាស៊ានផងដែរ។
គួរបញ្ជាក់ផងដែរថានាយ នាយរង និងពលទាហានកងវរសេនាតូចទាំង៥ នៃកងពលតូចអន្តរាគមន៍លេខ៩ ទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អាហារក្រៀម ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំទៀត ព្រមទាំងថវិកាចំនួន១លានរៀល ក្នុងមួយកងវរសេនាតូច។
អត្ថបទដោយ ថុន ផេងអាង
No comments:
Post a Comment