ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិជីវៈចម្រុះសកលលោក
ភ្នំពេញ:ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
អ្នកជំនាញអាមេរិកមួយរូបបាននិយាយថា ប្រទេសចិនដែលមានប្រវត្តិអភិរក្សធម្មជាតិយូរអង្វែងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយវិបត្តិជីវៈចម្រុះសកលលោក។
លោក James Roth អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកលលោក និងកិច្ចការរដ្ឋាភិបាលនៅអង្គការអភិរក្សអន្តរជាតិ (CI) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំគិតថា លទ្ធភាពរបស់ប្រទេសចិនក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអនុវត្តក្របខ័ណ្ឌជីវចម្រុះសកលលោកក្រោយឆ្នាំ២០២០ នឹងក្លាយជាផ្នែកមួយដ៏ធំនៃភាពជោគជ័យ និងជាកេរដំណែលរបស់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ COP15 »។
លោក Roth ដែលជាអ្នកត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមការងារគោលនយោបាយអន្តរជាតិរបស់អង្គការនោះបាននិយាយសំដៅដល់កិច្ចប្រជុំលើកទី១៥ នៃសន្និសីទរបស់ភាគីសម្រាប់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះជីវសាស្ត្រ (COP15) ដែលបានចាប់ផ្តើមធ្វើឡើងនៅក្នុងទីក្រុងគុនមីងនៃខេត្តយូណានៅភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃចន្ទ។
កិច្ចប្រជុំ COP15 រួមមានពីរផ្នែក។ ផ្នែកទីមួយ គឺជាការរួមបញ្ចូលគ្នានៃការរៀបចំជាទម្រង់និម្មិត និងការជួបជុំដោយផ្ទាល់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែតុលា ទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញនៅក្នុងទីក្រុងគុនមីង។
ផ្នែកទីពីរ គឺជាការធ្វើឡើងដោយការជួបជុំដោយផ្ទាល់ដែលនឹងត្រូវធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ដែលនឹងមានកិច្ចចរចាទូលំទូលាយ និងស៊ីជម្រៅឆ្ពោះទៅរកក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០។
អ្នកស្រឡាញ់ធម្មជាតិ និងជាអ្នកដែលងប់ងល់នឹងកិច្ចការពារបរិស្ថាននោះ លោក Roth បានតាមដានយ៉ាងជិតស្និទ្ធចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ជីវៈចម្រុះ៕
(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
No comments:
Post a Comment