ខេត្តស្វាយរៀង៖លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជ ជូនដល់ប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង ។
លោកស្រី កិត្តិសង្គហបណ្ដិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ ពីសម្តេចទាំងទ្វេ នៅទូទាំងប្រទេស។
លោកស្រី បានបន្តទៀតថាៈ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ និងបានធ្វើឲ្យកម្ពុជា បានក្លាយជាប្រទេស ដែលឈរលេខទី៤ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន ១២១ លើពិភពលោក ក្នុងនាមជាប្រទេស មានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេ ។
លោកស្រី ក៏បានបន្តទៀតថាៈ រាជរដ្ឋាភិបាល តែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះដែលបង្កឡើង ដោយធម្មជាតិ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជា ការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅ ឱ្យមានភាពល្អប្រសើរ ឡើងវិញ នៅពេលដែលប្រជាពលរដ្ឋ ជួបការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនមែនឃើញមុខសមាជិក គណបក្សប្រជាជន តែពេលឃោសនាបោះឆ្នោតនោះទេ គឺគណបក្សប្រជាជន បានរស់នៅជាមួយគ្នា រយៈពេល ៤៣ ឆ្នាំ រួចមកហើយ អ្នកខ្លះ ក៏កើតទាន់ អ្នកខ្លះ ក៏មិនទាន់ ។
ការចែកស្រូវពូជនេះ គឺជាការចែកនិមិត្តរូប ចំនួន ២៧៣ គ្រួសារ ដែលមកពីស្រុក ចំនួន ៣ គឺស្រកកំពង់រោទិ៍ ស្រុកស្វាយជ្រំ និងក្រុងបាវិត នៃខេត្តស្វាយរៀង ដែលមានផ្ទៃដី ខូចខាតចំនួន ៥៥០ ហិកតា ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានប្រកាសគាំទ្រ ថ្លែងអំណរគុណដល់សមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមានកូតាគណបក្សភ្លើងទៀន និងស្ថាប័នមួយចំនួន នៃខេត្តស្វាយរៀង ដែលបានចេញញត្តិថ្កោលទោស ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចំពោះការប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ។
អំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ក្នុងមួយ គ្រួសារទទូលបានស្រូវពូជ ១០០ គីឡូក្រាម អង្ករ ៥០ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ នំប៉ាវ ១ ទឹកសុទ្ធ ១ដប និង ថវិកា ៥ម៉ឺនរៀលផងដែរ។
No comments:
Post a Comment