ស្រុកស្ទោង៖នៅរសៀល ថ្ងៃទី 05 ខែតុលាឆ្នាំ2022 លោកសាយគឹមឡម លោក អភិបាលស្រុកស្ទោង និងសហការី បានទទួលអំណោយពីសប្បុរសជន គឺលោក ឆេង ថុងស៊ាង និងកញ្ញា ឆេង សុខសាន្ត នូវអង្ករចំនួន 500គីឡូក្រាមនិងមីចំនួន50កេស សម្រាប់ជាការចូលរួមជាមួយរដ្ឋបាលស្រុកក្នុងការចែកបន្តដល់បង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងមានជីវភាពខ្វះខាតហើយរងគ្រោះដោយទឹកជំនន់ក្នុងស្រុកស្ទោង។
ជាមួយនេះផងដែរ លោកក៏បានបន្ត អញ្ជើញទៅសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន14គ្រួសារ ដែលកំពុងេស់នៅឃុំចំណារក្រោម ស្រុកស្ទោងខេត្តកំពង់ធំ ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងស្រុកនិងក្រៅស្រុក ដែលតែងតែផ្តល់អំណោយមនុស្សធម៌ក៏ដូចជាសហការជាមួយរដ្ឋបាលស្រុក ក្នុង ការផ្ដល់នូវសម្ភារៈថវិកា សម្រាប់រដ្ឋបាលស្រុកមានលទ្ធភាពបន្តចែកជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះនៅក្នុង មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រ លើសពីនេះ លោកសាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំចំណារក្រោមត្រូវចេះកៀរគរធនធានពីសប្បុរសជននានា ដើម្បីបានជាមូលនិធិសម្រាប់រដ្ឋបាលឃុំ ក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុឬទឹកជំនន់ជាដើមនិងជាមូលនិធិក្នុងការថែទាំជួសជុល ផ្លូវលំ លូរ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងខូចខាតដោយទឹកជំនន់ជាដើម ។
ជាចុងបញ្ចប់លោកបានឲ្យរដ្ឋបាលឃុំត្រូវផ្សព្វផ្សាយនិងជូនដំណឹងឲ្យបានទូលំទូលាយដល់ពលរដ្ឋរបស់ខ្លួនឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង14គ្រួសារខាងលើ ក្នុងមួយគ្រួសារ ៗ ទទួលបាននូវអង្ករ1បេ មី1កេស ទឹកស៊ីអ៊ីវ1យួរ និងទឹកត្រី1យួរ ផងដែរ។
No comments:
Post a Comment