សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទាញការចាប់អារម្មណ៍ ៤ចំណុច ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទាញការចាប់អារម្មណ៍ ៤ចំណុច ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣

 



(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣​នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការទាញការចាប់អារម្មណ៍លើ ៤ចំណុច ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២៣។
ការចាប់អារម្មណ៍លើ៤ចំណុចនោះ មានដូចតទៅ៖
ទី១៖ នៅលើពិភពលោក មិនថានៅប្រទេសតូចឬប្រទេសធំនោះទេ គឺគ្មានប្រទេសណាមួយដែលគ្មានតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការដឹកនាំរដ្ឋនោះទេ។ នៅប្រទេសណាដែលមានរដ្ឋាភិបាលរឹងមាំ គឺប្រទេសនោះធានាបានស្ថេរភាពនិងការរីកចម្រើនលើគ្រប់វិស័យ។ កិច្ចសហការ គឺជាយន្តការការងារសកល ដែលជួយធ្វើឱ្យរាល់ដំណើរការគ្រប់វិស័យប្រព្រឹត្តិទៅដោយស៊ីសង្វាក់គ្នា បំពេញឱ្យគ្នា និងទទួលបានលទ្ធផល។ អង្គភាពស្ថាប័ននានារដ្ឋាភិបាល គឺជាប្រភពព័ត៌មានគ្រប់ទម្រង់ ទាំងការផ្តល់ព័ត៌មាន ការបកស្រាយ ការបំភ្លឺ ឆ្លើយតប និងការផ្ទៀងផ្ទាត់ជាដើម។ បើអ្នកទាត់ចោលប្រភពដ៏ធំនិងសំខាន់នេះ សំណួរថាតើអ្នកយកមូលដ្ឋានអ្វីសម្រាប់យកមកសរសេរព័ត៌មានមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ? សំខាន់ជាងនេះ គឺអ្នកបានបំផ្លាញចោល «គោលការណ៍តុល្យភាពក្នុងព័ត៌មាន» ផងដែរ។ ក្នុងន័យនេះ គ្មានកិច្ចសហការ គឺប្រែមកថា ធ្វើឱ្យអសកម្មឬធ្វើឱ្យអ្នកខ្សោយ។ កិច្ចសហការរវាងសារព័ត៌មានជាមួយអ្នកនាំពាក្យ របស់អង្គភាពស្ថាប័ននានារបស់រដ្ឋាភិបាល រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាកិច្ចការដ៏ត្រឹមត្រូវ។ កិច្ចសហការដើម្បីទទួលបានព័ត៌មាន ក៏មិនមានន័យថា ទៅជាការចំណុះ ឬបាត់ឯករាជ្យភាពនោះទេ។ ផ្ទុយទៅវិញ ការមិនសហការនោះទេ ដែលធ្វើឱ្យការងារមិនពេញលេញ។ ពេលខ្លះទៀត វិទ្យុ កាសែតខ្លះ បានដើរតួនាទីលើសនិងឈានទៅធ្វើការងាររបស់សមត្ថកិច្ច ចៅក្រម ឬបង្កើតខ្លឹមសារញុះញង់ ដែលនាំឱ្យខុសឆ្គង ហើយ ខ្លះគេចវេះការទទួលខុសត្រូវ មិនហ៊ានកែតម្រូវ ដែលទីបំផុតនាំទៅដល់ភាពអាប់ឱនទៅវិញ។
ទី២៖ យើងពិតជាមានការសោកស្តាយចំពោះ អង្គការនិងជនបរទេសខ្លះ ដែលនាំកាសែតឱ្យទាមទារសេរីភាពបែបរំអួយ តាមរបៀបអ្នកទន់ខ្សោយ និងមិនប្រាកដនិយម។ បើអ្នកយល់ថា សេរីភាព ទាល់តែគេផ្តល់ឱ្យ ទាល់តែសុំពីគេ នោះគឺជាការជឿដ៏ឆោតល្ងង់។ សារព័ត៌មានគួរចងចាំថា សេរីភាព មិនអាចកាត់ផ្តាច់ពីការទទួលខុសត្រូវ ហើយ សេរីភាព ក៏មិនអាចបានមកដោយគ្មានការបង់ថ្លៃនោះទេ «Freedom is not Free»។
ទី៣៖ គេមិនគួរបន្តយល់ច្រឡំភាពខុសគ្នារវាង«សេរីភាព» និង«ភាពជ្រុលនិយម»នោះទេ។ សេរីភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន គឺជាលំហនៃសិទ្ធិទទួលព័ត៌មាន និងជាលំហនៃការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានព្រំដែន។ ក៏ប៉ុន្តែ ការបំពាក់បំប៉នកាសែតឱ្យប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនឯង គឺជាជំងឺនៃមនោគមន៍វិជ្ជារបស់ជនបរទេសដែលនាំដល់ភាពជ្រុលនិយមតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ភ្នាក់ងារបរទេសខ្លះ ក៏មិនគួរប្រឹងទាញយកឱកាសទិវាសេរីភាពព័ត៌មាន ធ្វើជាឧបករណ៍សិទ្ធិនយោបាយរបស់ខ្លួននោះទេ ដែលជាហេតុធ្វើឱ្យអ្នកកាសែតរងគ្រោះ។
ទី៤៖ សហគមន៍សារព័ត៌មាននៅប្រទេសកម្ពុជា គឺមានចំនួនក្នុងរង្វង់ពី៣ពាន់ទៅ៤ពាន់នាក់ប៉ុណ្ណោះ។ ផ្នត់គំនិតដ៏អាក្រក់មួយរបស់អង្គការនិងភ្នាក់ងារបរទេសខ្លះ គឺបានប្រឹងបំបែក និងបែងចែកគ្នា ម្ខាងសារព័ត៌មានសេរី ម្ខាងសារព័ត៌មានឯករាជ្យ ឬក៏ហៅថាជាយ៉ាងនេះ ឬក៏ជាយ៉ាងនោះ។ យើងគួររួមគ្នាលុបបំបាត់នូវវប្បធម៌រើសអើង ក្នុងចំណោមសហគមន៍ដ៏តូចមួយនេះ។ អ្នកសារព័ត៌មាន គឺជាអ្នកសារព័ត៌មាន។ តម្លៃរបស់សារព័ត៌មាន គឺការផ្តល់ព័ត៌មានពិត និងចំណេះដឹង ដែលមានប្រយោជន៍បម្រើដល់សាធារណជន។ នេះគឺកិច្ចការចម្បងរបស់យើង។ ផ្ទុយទៅវិញ ការបន្តប្រឹងបែងចែករបៀបនេះ គឺបង្កើតត្រឹមលទ្ធផលនៃការរើសអើង និងភាពជ្រុលនិយម។ សារព័ត៌មានដែលតើតួនាទីជាកញ្ចក់ភ្លឺដល់សង្គម គឺជាប្រការដែលគួរលើកទឹកចិត្តនិងសាទរ។ ប៉ុន្តែការប្រើប្រាស់តួនាទីក្រោមស្លាកសេរីភាព បង្កើតកំហុសដាក់អ្នកដទៃគឺជាទង្វើអសីលធម៌។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរនិងកោតសរសើរដល់ សមាគម ក្លិប សម្ព័ន្ធ និងគ្រឹះស្ថានរួមទាំងក្រសួងស្ថាប័ននានា ដែលបានប្រឹងប្រែងជាប្រចាំ បើកវគ្គបណ្តុះបណ្តាល ស្តីពី សារព័ត៌មាន ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង ដែលជាសេចក្តីត្រូវការឥតឈប់ឈរក្នុងការអភិវឌ្ឍសមត្ថភាពសារព័ត៌មានជាបន្តបន្ទាប់។ ស.ស.ស.ក ក៏មានសេចក្តីរំពឹងថា ភាគីពាក់ព័ន្ធនឹងបានអង្គុយជុំគ្នា ដើម្បីពិនិត្យនិងពិភាក្សាបន្ថែមទៀតថា តើយើងចង់បានលំហសេរីភាពសារព័ត៌មានទូលំទូលាយបែបណា ហើយតើសារព័ត៌មានគប្បីបង្កើនសមត្ថភាព និងក៏មានតម្រូវការបែបណាបន្ថែមទៀត សម្រាប់ការបំពេញតួនាទីឱ្យកាន់តែមានគុណតម្លៃរួមចំណែកដល់សង្គមជាតិរបស់យើង៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ ស.ស.ស.ក៖








No comments:

Post a Comment

Pages