(ភ្នំពេញ)៖
 ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់ខួប៧៨ ឈានចូល ៧៩ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមសម្ដែងនូវមនោសញ្ចេតនាគោរព ប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គលដ៏មហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះ ចំពោះសម្តេចពិជ័យសេនា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេច តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេច ក្នុងការរួមចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងវិស័យការពារជាតិ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាព សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរ និងសុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខសន្តិភាពស្ថិរភាពដ៏រឹងមាំតរៀងទៅ៕