(ហ្គាហ្សា)៖ នៅថ្ងៃចន្ទ (ទី១៥ មករា) នេះ កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើគោលដៅនានានៅទូទាំងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងប្រកាសពីជោគវាសនារបស់ជនជាតិអ៊ីស្រាអែលបីនាក់ ដែលត្រូវបានបង្ហាញខ្លួននៅក្នុងឃ្លីបវីដេអូកាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
មន្ត្រីសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីន១២នាក់បានស្លាប់ និងផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពេញមួយយប់ ទៅលើផ្ទះមួយនៅភាគខាងជើងទីក្រុងហ្គាហ្សា ខណៈផ្សែងបានហុយឡើងចេញពីភាគខាងត្បូងទីក្រុង Khan Yunis ដែលត្រូវបានរងការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ពីរថក្រោះអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Safa ដែលមានទំនាក់ទំនងជាមួយចលនាហាម៉ាស បានរាយការណ៍ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមយុទ្ធជនហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Khan Yunis ខណៈដែលមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅជិតជំរំជនភៀសខ្លួន Bureij និង Al-Maghazi នៅកណ្តាលហ្គាហ្សា។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្លាប់យុទ្ធជនប៉ាឡេស្ទីនពីរនាក់ នៅក្នុងការវាយប្រហារតាមអាកាសលើយានយន្តរបស់ពួកគេ ដែលកំពុងដឹកជញ្ជូនអាវុធនៅភាគខាងត្បូង Khan Yunis ហើយបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហាម៉ាសក្នុងទីក្រុង និងបានវាយប្រហារទៅលើឃ្លាំងផ្ទុកអាវុធចំនួនពីរផងដែរ៕
No comments:
Post a Comment