ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៣៩ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅត្រង់ចំណុចផ្លូវបំបែក ចូលឡទឹកត្រី ស្ថិតនៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក វង្ស វឌ្ឍន ជំទប់ទី១ ឃុំស្រែសង្គម, លោក កុយ សីម មេភូមិរង្សី និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ១-ឈ្មោះ ធី ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន (+) ។ ២-ឈ្មោះ យ៉ាត ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+) ។
វត្ថុតាងដកហូតរួមមាន ៖
-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់តូច ទម្ងន់ ០.៥៣ ក្រាម ថ្លឹងទាំងសំបក
-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក iPhone ពណ៌ស និងម៉ាក OPPO ពណ៌ខ្មៅ)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក sirius ពណ៌ខ្មៅលាយក្រហម ។
បច្ចុប្បន្នជនសង្ស័យរួមនឹងសម្ភារៈវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ប្រភពស្នងការនគរបាលជាតិ
No comments:
Post a Comment