មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅខេត្តពោធិ៍សាត់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅខេត្តពោធិ៍សាត់

   

(ពោធិ៍សាត់)៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, តំណាងសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, លោកអភិបាលក្រុង/ស្រុក, ក្រុមប្រឹក្សាឃុំ/សង្កាត់, មេប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអានសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ដែលមាន៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ជាប្រធានក្រុមការងារទី១៧ ទទួលបន្ទុកខេត្តពោធិ៍សាត់, លោក ផាង ពៅ អនុរដ្ឋលេខាធិការ ជាអនុប្រធាន, និងលោក ហែម ថេង អនុរដ្ឋលេខាធិការ ជាអនុប្រធាន។

ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏បានធ្វើការវាយខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តពោធិ៍សាត់ទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងសម្តែងការអបអរសាទរ ចំពោះឃុំ សង្កាត់ ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើ។

លោករដ្ឋលេខាធិការបន្តថា ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមព្រំដែន ត្រូវបានបង្ក្រាបទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ។

លោកសន្តិបណ្ឌិត បន្ថែមថា «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះ ដែលផ្តល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ។ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោរឆក់ ក្មេងទំនើង, បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។

ជាមួយគ្នានោះ ត្រូវរួមគ្នាធានាឲ្យបាន នូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងលិខិតបទដ្ឋាននានា បញ្ជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រឹះស្ថានសិក្សាជាប្រចាំ តាមរយៈនគរបាល និងសហគមន៍។

លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏សូមឲ្យរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំជម្រុញអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»នេះ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងធ្វើយ៉ាងណាឲ្យសម្រេចបាននូវយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការធានា សុខសុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់នេះ។

លោកក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយសំខាន់ សម្រាប់ប្រទេសជាតិ ព្រោះថាគ្រឿងញៀននេះ បង្កឱ្យអសន្តិសុខ សណ្តាប់ធ្នាប់ និងចលាចលសង្គមផងដែរ៕

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពបន្តឆ្នាំ២០២៤

No comments:

Post a Comment

Pages