ក្រសួងព័ត៌មាន ក្រើនរំលឹកប្រព័ន្ធផ្សព្វផ្សាយ និងម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រសួងព័ត៌មាន ក្រើនរំលឹកប្រព័ន្ធផ្សព្វផ្សាយ និងម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។

តាមរយៈលិខិតដែលបណ្តាញព័ត៌មាន​ ទទួលបាននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា លោក លោកស្រីឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្តី ព្រឹត្តប័ត អាហ្វីស ប៉ាណូ LED Screen សារព័ត៌មានតាមប្រព័ន្ធអនឡាញ និងក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ជ្រាបថា បច្ចុប្បន្ន ក្រសួងព័ត៌មាន បានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។

មួយវិញទៀត ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹងដោយខ្វះ ការទទួលខុសត្រូវដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាពជាដើម។

ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មខាងលើ ក្រសួងព័ត៌មាន សូមធ្វើការ ក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានដូចតទៅ៖

១៖ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន

២៖ ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក

៣៖ ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់

៤៖ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។

ចំពោះស្ពតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេល សមស្រប ដើម្បីរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួលស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង សម្រាប់ ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។

ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕

No comments:

Post a Comment

Pages