កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​​ ចុះអប់រំសុខភាព និងផ្ដល់អំណោយ ជូនស្ត្រីមានផ្ទៃពោះ​ និងទើបសម្រាលកូន​ នៅមណ្ឌលសុខភាព​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ រុនតាឯក​ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​​ ចុះអប់រំសុខភាព និងផ្ដល់អំណោយ ជូនស្ត្រីមានផ្ទៃពោះ​ និងទើបសម្រាលកូន​ នៅមណ្ឌលសុខភាព​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ រុនតាឯក​

(សៀមរាប)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបន្ដដំណើរបេសកកម្មរបស់ខ្លួនជាបន្ដបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ និងលោកស្រី​ ទុយ​ ជិ​ ប្រាក់សោភ័ណ​ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទើបសម្រាលកូនតូចចំនួន​ ២០នាក់​ នៅមណ្ឌលសុខភាព ប៊ុន​ រ៉ានី​ ហ៊ុនសែន​ រុនតាឯក ដែលស្ថិតក្នុងឃុំរុនតាឯក​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​។

ក្នុងឱកាសនោះ​ លោកស្រី ម៉ែន​ នារីសោភ័គ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងបានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រី និងកុមារ​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងសារអប់រំសុខភាព ស្តីពី​អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,​ ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច​ ៤ដង​ មុនពេលសម្រាល,​ ការទទួលទានអាហារូបត្ថម្ភ​ បន្លែធម្មជាតិ​ ដើម្បីសុខភាពល្អទាំងម្តាយ និងទារកក្នុងផ្ទៃ,​ កុំបរិភោគផ្អែមពេក-ប្រៃពេក​ ដែលអាចបង្កជាជំងឺផ្សេងៗ​ ដូចពាក្យចាស់ពោលថា​ «ស្រឡាញ់ខ្លួន​ ឱ្យស្ងួនចំណី»,​ «ការពារប្រសើរជាងព្យាបាល»,​ «ញាំអាហារជាថ្នាំ​ កុំញាំថ្នាំជាអាហារ»ជាដើម។

ទន្ទឹមនឹងនោះលោកស្រី ម៉ែន នារីសោភ័គ ក៏បានអំពាវនាវលើកទឹកចិត្ដ ដល់ស្ដ្រីជាម្ដាយដែលទើបសម្រាលកូននៅមណ្ឌលសុខភាព​ សូមបំបៅកូនដោយទឹកដោះម្តាយ​,​ បន្តពិនិត្យសុខភាពក្រោយពេលសម្រាល,​ ចាក់វ៉ាក់សាំង​បង្ការដល់ទារក​ ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដើម។ លើសពីនេះ សូមឱ្យស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ​ ផឹកទឹកឆ្អិន​ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់​ អាហារូបត្ថម្ភត្រឹមត្រូវ​ និងបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីជីវភាពគ្រួសារ។

ជាការឆ្លើយតបរបស់ស្ដ្រីដែលមកទទួលសេវាពិនិត្យផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ មាតាមនុស្សមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលងាយរងគ្រោះបំផុត។ សម្រាប់ថ្ងៃនេះវិញ មាតាមនុស្សមនុស្សធម៌ បានចាត់តំណាង​ចុះមកសួរសុខទុក្ខ អប់រំផ្សព្វផ្សាយពីសុខភាព ដើម្បីជួយលើកកម្ពស់សុខភាពមាតា និងទារកនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ ដែលបានធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅ និងសប្បាយរីករាយក្រៃលែង។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពខាងលើនេះ ក៏បានបង្ហាញពីការពេញចិត្ដ ចំពោះការផ្ដល់សេវាសុខភាព របស់ក្រុមគ្រូពេទ្យផងដែរ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បន្ទាប់ពីផ្ដល់សារអប់រំសុខភាព ក៏បានផ្ដល់អំណោយមនុស្សធម៌ ដល់ស្ត្រីជាមាតាទាំង ២០គ្រួសារ​ ដោយគ្រួសារនីមួយៗទទួលបាន៖​ អង្ករអាហារូបត្ថម្ភ​ ២គីឡូក្រាម​,​ ឃីត (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់​,​ កន្សែងពោះគោ​ ១,​ សាប៊ូដុសខ្លួន​ ២ដុំ​ និងថវិកា​ ៥ម៉ឺនរៀល៕

No comments:

Post a Comment

Pages