រដ្ឋមន្ត្រីកូរ៉េខាងត្បូងម្នាក់ ថាសហរដ្ឋអាមេរិកនឹងមិនដកកងទ័ពចេញទេ ទោះលោក ត្រាំ ត្រឡប់មកកាន់អំណាចវិញក៏ដោយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋមន្ត្រីកូរ៉េខាងត្បូងម្នាក់ ថាសហរដ្ឋអាមេរិកនឹងមិនដកកងទ័ពចេញទេ ទោះលោក ត្រាំ ត្រឡប់មកកាន់អំណាចវិញក៏ដោយ



(​សេអ៊ូល)៖ រដ្ឋមន្ត្រីម្នាក់របស់កូរ៉េខាងត្បូង បាននិយាយថាសហរដ្ឋអាមេរិក នឹងមិនដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូងនោះទេ បើទោះជាអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាប់ឆ្នោតសាជាថ្មីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង លោក Kim Yung Ho បានប្រាប់ទូរទស្សន៍ KBS ថាការលើកឡើងខាងលើរបស់លោក គឺសំអាងទៅលើសភាអាមេរិកទាំង២ បានសម្រេចចិត្តរួចទៅហើយលើបញ្ហានេះ នៅក្នុងកញ្ចប់ថវិកាយោធាមួយដែលទើបតែ ត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ។ លោក Kim Yung Ho បានគូសបញ្ជាក់ថា «រឿងមួយដែលមនុស្សជាច្រើនកំពុងមានការព្រួយបារម្ភ នោះគឺកងទ័ពអាមេរិក នឹងត្រូវដកចេញពីកូរ៉េខាងត្បូង ប្រសិនបើលោក ដូណាល់ ត្រាំ ឡើងមកកាន់អំណាចជាប្រធានាធិបតីសាជាថ្មី។ ប៉ុន្តែច្បាប់ស្ដីពីវិស័យការពារជាតិ កាលពីខែធ្នូ កន្លងទៅ បានបញ្ជាក់រួចហើយថារដ្ឋាភិបាលអាមេរិកនឹងត្រូវតម្រូវឱ្យស្នើសុំការអនុម័តពីសភាជាមុនសិន មុននឹងសម្រេចកាត់បន្ថយ ឬដកកងទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូង»។

គួរបញ្ជាក់ថា បច្ចុប្បន្ន មានកងទ័ពអាមេរិក ២៨,៥០០នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំណែកឯ ការលើកឡើងរបស់លោក Kim Yung Ho ធ្វើឡើងជាការឆ្លើយតបទៅសំណួរជុំវិញសេចក្ដីរាយការណ៍មួយរបស់កាសែតអាមេរិក Politico ដែលថាលោក ត្រាំ បាន និងកំពុងពិចារណាអនុញ្ញាតឱ្យកូរ៉េខាងជើង អាចរក្សាទុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយនឹងផ្ដល់ជំនួយហិរញ្ញវត្ថុដើម្បីបញ្ឈប់កុំឱ្យទីក្រុងព្យុងយ៉ាងផលិតអាវុធនុយក្លេអ៊ែរតទៅទៀត ប្រសិនបើលោកអាចកាន់ តំណែងជាប្រធានាធិបតីអាមេរិកម្ដងទៀត។ ប៉ុន្តែសេចក្ដីរាយការណ៍នេះដែរត្រូវបានច្រានចោលដោយលោក ដូណាល់ ត្រាំ ដែលចាត់ទុកថាជាព័ត៌មានមិនពិត៕

No comments:

Post a Comment

Pages