អ៊ុយក្រែនបង្ហាញភស្តុតាង ដែលថារុស្ស៉ីប្រើមីស៉ីលរបស់កូរ៉េខាងជើងបាញ់លើតំបន់ Kharkiv - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អ៊ុយក្រែនបង្ហាញភស្តុតាង ដែលថារុស្ស៉ីប្រើមីស៉ីលរបស់កូរ៉េខាងជើងបាញ់លើតំបន់ Kharkiv


(កៀវ)៖ កាលសៅរ៍ ការិយាល័យរដ្ឋអាជ្ញានៃតំបន់ Kharkov បានបញ្ចេញភស្តុតាងបន្ថែមទៀតដែលថារុស្ស៉ីបានវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៉ីលរបស់កូរ៉េខាងជើង តាមរយៈការបង្ហាញនូវបំណែកនៃមីស៉ីលនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា លោក Dmytro Chubenko បាននិយាយថា វាជាមីស៉ីលមួយក្នុងចំណោមមីស៉ីលជាច្រើនដែលវាយប្រហារលើទីក្រុងនៃតំបន់ Kharkiv កាលពីថ្ងៃទី២ ខែមករា ហើយមានលក្ខណៈ និងបច្ចេកទេសខុសពីម៉ូដែលរបស់រុស្ស៉ី។ លោក Chubenko បានបញ្ជាក់នៅពេលបង្ហាញបំណែកនៃមីស៉ីលនោះថា «វាមិនមែនជាមីស៉ីលទំនើបទេ ខុសពីមីស៉ីលស្តង់ដារ គឺ Iskander ដែលពីមុនយើងបានឃើញក្នុងការវាយប្រហារលើតំបន់ Kharkiv។ វាស្រដៀងនឹងមីស៉ីលមួយគ្រាប់របស់កូរ៉េខាងជើង»។

ដោយមីស៉ីលនេះ មានអង្កត់ផ្ចិតធំជាងមីស៉ីល Iskander របស់រុស្ស៉ីបន្តិច ខណៈដែលក្បាល បំពង់ខ្យល់ខាងក្នុង និងផ្នែកខាងក្រោយក៏ខុសគ្នានោះ លោក Chubenko បានបន្ថែមថា «នោះហើយជាមូលហេតុដែលយើងកំពុងផ្តោតថាវាអាចជាមីស៉ីលដែលត្រូវបានផ្គត់ផ្គង់ពីកូរ៉េខាងជើង»។ យ៉ាងនេះក្តី លោក Chubenko មិនបានបញ្ជាក់ពីឈ្មោះមីស៉ីលនោះទេ។

គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះបានចោទថា រុស្ស៉ីបានវាយប្រហារលើអ៊ុយក្រែន ក្នុងសប្តាហ៍នេះ ជាមួយនិងមីស៉ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងជាលើកដំបូង ក្នុងសង្រ្គាមជិត ២ឆ្នាំមកនេះ៕

No comments:

Post a Comment

Pages