ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវ ប្រព័ន្ធរំដោះទឹក និងសោភ័ណភាពនៅក្នុងផ្សារសេរីស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់បងប្អូនអាជីវករ នៅក្នុងពេលនោះលោកបានអំពាវនាវដល់ពុកម៉ែបងប្អូនអាជីវករ សូមជួយសហការជាមួយអាជ្ញាធរ នឹងអ្នកម៉ៅការសាងសង់ ដើម្បីអភិវឌ្ឍន៍និងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងផ្សារដូចជា ផ្លូវក្នុងផ្សារ ប្រព័ន្ធបង្ហូរទឹក ដែលបានកកស្ទះឲ្យកាន់តែប្រសើរឡើងវិញឲ្យមានសោភ័ណភាពក៏ដូចជាបរិស្ថានល្អស្រស់បំព្រងឡើងវិញថែមទៀត។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់រដ្ឋបាលនិងអាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវធ្វើការណែនាំ និងជូនដំណឹងជាបន្ទាន់ដល់បង ប្អូន អាជីវករពាក់ព័ន្ធ ត្រូវធ្វើការសហការនិងរុសរើសំណង់អនាធិបតេយ្យ ដើម្បីក្រុមហ៊ុនសាងសង់មានលទ្ធភាពគ្រប់គ្រាន់ជាក់ស្ដែងក្នុងការកសាងនូវផ្លូវឲ្យបានធំទូលាយជាងមុន និងប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងទាន់ពេលវេលា។
ទន្ទឹមនឹងនេះលោកក៏បានណែនាំដល់ក្រុមហ៊ុនកូយ គឹមសាយ ដែលជាអ្នកម៉ៅការសាងសង់ ត្រូវត្រូវធ្វើការសាងសង់នូវប្រព័ន្ធបង្ហូរទឹកនិងផ្លូវក្នុងផ្សារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគុណភាពសំណង់និងមានសោភ័ណភាព មានលម្ហូរទឹកល្អ ហើយគ្មានការកកស្ទះ។
គួរបញ្ជាក់ផងដែរថាការអភិវឌ្ឍន៍ផ្សារសេរីស្ទោងនៅពេលនេះគឺកំពុងស្ថិតនៅដំណាក់កាលចាក់ដីសបំពេញបន្ថែម។
No comments:
Post a Comment