ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី និងលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានអញ្ចើញចុះពិនិត្យមើលស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៨០ហិចតា នៅឃុំសំព្រោជ ដែលកំពុងខ្វះខាតទឹកស្រោចស្រពដែលបណ្តាលមកពីកសិករគ្រប់គ្រងនិងប្រើប្រាសទឹកពុំទាន់បានត្រឹមត្រូវ។
ជាមួយស្ថានភាពដ៏ក្តៅគគុកនេះ លោកអភិបាលស្រុកស្ទោងកំពុងដឹកនាំបញ្ជូនទឹកពីអាង៣០កញ្ញា ទៅសង្គ្រោះស្រែស្រូវបងប្អូនកសិករដែលនឹងទៅដល់ស្រែនៅថ្ងៃស្អែកនេះ ហើយលោកក៏បានណែនាំដល់បង ប្អូន កសិករ ត្រូវតែមានអាងស្តុកទឹកផ្ទាល់ខ្លួន សម្រាប់ផ្គត់ផ្គង់ស្រោចស្រពដីស្រែ និងគ្រប់គ្រង ប្រើប្រាស់ឲ្យបានត្រឹមត្រូវនិងសន្សុំសំចៃបំផុត ហើយលោកបានអំពាវនាវដល់ម្ចាស់អាងមួយចំនួនសូមកុំបន្តរំលាយអាងទឹករបស់ខ្លួនយកដីមកធ្វើស្រែ ដែលជាហេតុននាំឲ្យបាត់បង់ប្រភពទឹក ហើយនាំឲ្យខ្វះទឹកប្រើប្រាស់ទាំងអស់គ្នា។
ទន្ទឹមនឹងនេះ លោកប៉ែន វណ្ណារិទ្ធ ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកមេឃុំ ប៉ុស្តិ៍នគបាលរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ត្រូវសហការគ្នាក្នុងការគ្រប់គ្រងនិងនាំទឹកឲ្យបានឆាប់ដល់ស្រែកសិករព្រោះស្រូវត្រូវការសង្គ្រោះបន្ទាន់ ហើយផ្លូវទឹកវែងឆ្ងាយ។
គួរបញ្ជាក់ផងដែរថា ស្រូវដែលត្រូវសង្គ្រោះមានចំនួន៨០ហិចតា មានកសិករ៧០គ្រួសារ នៅចំណុចភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
No comments:
Post a Comment