(ស៊ីដនី)៖ អូស្រ្តាលី នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះបានបង្ហើបឱ្យដឹងពីផែនការមួយមានរយៈពេល១០ឆ្នាំ ដើម្បីបង្កើនចំនួននាវាចម្បាំងទ្វេដង ជាមួយការបង្កើនកញ្ចប់ថវិកាយោធាបន្ថែមពីលើ ៧ពាន់លានដុល្លារ នៅចំពោះមុខការរត់ប្រណាំងសព្វាអាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្រោមផែនការនេះ អូស្ត្រាលីនឹងបង្កើនចំនួននាវាចម្បាំងដែលសព្វថ្ងៃមាន ១១គ្រឿង ឱ្យដល់ ២៦គ្រឿង ដែលរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ចាត់ទុកថាគឺកងនាវាចម្បាំងធំបំផុតរបស់អូស្រ្តាលី ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។
គួរបញ្ជាក់ថា តាមផែនការខាងលើដដែល អ៉ីស្ត្រាលីនឹងផលិតនាវាចម្បាំងធុនធ្ងន់ប្រភេទ Hunter ចំនួន ៦គ្រឿង នាវាចម្បាំងធម្មតា ១១គ្រឿង និងនាវាចម្បាំងមិនចាំបាច់មាននាវិកបើក ៦គ្រឿង។ ក្នុងចំណោមនាវាចម្បាំងទាំងនេះ នឹងមានមួយចំនួនត្រូវបំពាក់មីស៊ីល Tomahawk ដែល មានសមត្ថភាពបាញ់រយៈចម្ងាយឆ្ងាយ លើគោលដៅស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីសត្រូវ។
លើសពីនេះទៅទៀត ផែនការនេះក៏នឹងជំរុញផងដែរឱ្យអូស្ត្រាលីបង្កើនកញ្ចប់ថវិការយោធា ២.៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប ពោលគឺ ខ្ពស់ជាងផែនការកញ្ចប់ថវិកាយោធារបស់សមាជិក NATO ដែលមានគោលដៅបង្កើន ២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប៕
No comments:
Post a Comment