(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ប្រសាសន៍ដ៏មានអត្ថន័យនេះ លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរអង្គភាពជំនាញ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកពាក់ព័ន្ធ៖
១* ត្រូវចាត់តាំងក្រុមការងារឲ្យបានច្បាស់លាស់ប្រចាំការនៅទីបញ្ជាការស្រាល
២* ត្រូវចលនាការបោះបង្គោលព្រំដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ឲ្យបានឆាប់រហ័ស
៣* ពន្លឿនការចុះបញ្ជីដីតំបន់៣ ដីរដ្ឋ និងដីរាស្ត្រ ឲ្យបានឆាប់រហ័ស
៤* ជំរុញដល់មន្ទីរជំនាញ សហការជាមួយក្រុងស្រុក ធ្វើដីការដកហូតដីព្រៃលិចទឹកបន្តទៀត
៥* ជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ធ្វើការស្រាវជ្រាវ ទប់ស្កាត់ការទន្ទ្រានថ្មីដីព្រៃលិចឲ្យបានដាច់ខាត ដោយមិនអនុញ្ញាតិឲ្យមានការភ្ជួររាស់ និងសាបព្រោះបន្តទៀតនោះទេ
៦* ត្រូវផ្សាព្វផ្សាយដល់ប្រជាពលរដ្ឋ ហាមដាច់ខាតមិនឲ្យមានការបង្កបង្កើនផលស្រូវប្រាំ បន្ទាប់ពីប្រមូលផលរួច ព្រោះអាចមានហានិភ័យនៃការខ្វះទឹក
៧* ចូលរួមផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក
នៅក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត ឡើងរាយការណ៍អំពីវឌ្ឍនៈភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បានឆ្លុះបញ្ចាំងអំពីលទ្ធផលដែលបានអនុវត្តរយៈមួយខែកន្លងមកនេះ។
សូមបញ្ជាក់ផងដែរថា៖ បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ធំ បានចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់៣រួចមក បានចេញដីកាដកហូត មានចំនួន ២៩ដីកា លើផ្ទៃដីសរុប ៤៣៦៩,០២ហិចតា ដោយគិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
No comments:
Post a Comment