(វ៉ាស៊ីនតោន)៖ នៅពេលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានថ្លែងសុន្ទរកថាទៅកាន់សភាជាតិអូស្ត្រាលី កាលពីសប្ដាហ៍មុន លោកបានបញ្ជូនសារច្បាស់ៗពី ស្ថានការណ៍ផុយស្រួល ក្នុងតំបន់សមុទ្រចិនខាងត្បូង។ លោក Marcos បានកត់សម្គាល់ថាហ្វីលីពីនកំពុងស្ថិតនៅខ្សែត្រៀមជួរមុខនៃសមរភូមិមួយដើម្បីសន្តិភាព និងកំពុងតស៊ូប្រឆាំងនឹង សកម្មភាពដែលបំផ្លាញសន្តិភាព ស្ថិរភាព និងគំរាមកំហែងដល់ភាពរុងរឿងក្នុងតំបន់។
លោក Marcos បានប្រដូចស្ថានការណ៍សព្វថ្ងៃទៅនឹងស្ថានការណ៍កាលពីឆ្នាំ១៩៤២ ដោយសង្កត់ធ្ងន់ថាហ្វីលីពីនមានការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យ និងសិទ្ធិអធិបតេយ្យ ដោយមិនអនុញ្ញាតឱ្យមហាអំណាចណាមួយ ដណ្ដើមកាន់កាប់ទឹកដីរបស់ខ្លួនឡើយសូម្បីតែមួយចំអាមក៏ដោយ។ លោកមិនបានចុចចំឈ្មោះពីមហាអំណាចដែលលោក បានលើកឡើងនោះទេ ប៉ុន្តែគេអាចដឹងបានថាមហាអំណាចនោះគឺចិនដែលកំពុងមានជម្លោះទឹកដីជាមួយហ្វីលីពីន ក្នុងតំបន់សមុទ្រចិនខាងត្បូង។
ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានប្រែជាល្អក់កករនឹងគ្នា ចាប់តាំងពីលោក Marcos ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនកាលពី២ឆ្នាំមុន និងបានដើរចេញឆ្ងាយពីគោលជំហរទន់ភ្លន់ ចំពោះចិនរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ ចាប់តាំងពីពេលនោះមកដែរ នាវាឆ្មាំសមុទ្រចិន និងទូកនេសាទហ្វីលីពីន តែងតែប្រឈមមុខ ឬប៉ះទង្គិចគ្នា ជាញឹកញាប់ ក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ ប្រឈមមុខនឹងមហាអំណាចដូចជាចិន ហ្វីលីពីនបានប្រឹងប្រែងពង្រឹងទំនាក់ទំនងកាន់តែល្អប្រសើរឡើងជាមួយ បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺ សហរដ្ឋអាមេរិក ហើយសុន្ទរកថារបស់លោក Marcos ទៅកាន់សភាជាតិអូស្ត្រាលី បានបង្ហាញថាលោកផ្ទាល់ក៏មើលឃើញដែរថាអូស្ត្រាលី គឺជាសម្ព័ន្ធមិត្តមួយដ៏សំខាន់ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ជាមួយការរំពឹងថាបញ្ហាសមុទ្រចិនខាងត្បូងនឹងទទួលបានការយកចិត្តទុកដាក់នៅឯកិច្ចប្រជុំកំពូលរវាងអូស្រា្តលី និងអាស៊ាន ក្នុងទីក្រុង Melbourne ដែលបានចាប់ផ្ដើមពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។ កិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ានក៏មានការចូលរួមផងដែរពីបណ្ដាមេដឹកនាំមកពីប្រទេសអាស៊ាន កំពុង មានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានវៀតណាម ព្រុយណេ និងម៉ាឡេស៊ី។
ប៉ុន្តែ ក្រុមអ្នកវិភាគមួយចំនួន ដូចជាលោក Collin Koh មកពីវិទ្យាស្ថានស្រាវជ្រាវ S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីយល់ថា អូស្ត្រាលីនៅតែមាន ការស្ទាក់ស្ទើរច្រើន ហើយទំនងជានឹងមិនយកខ្លួនទៅកៀកពេកនឹងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ដោយសារតែចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អូស្ត្រាលី។ តាមលោក Collin Koh អូស្ត្រាលីមានបំណងប្រើកិច្ចប្រជុំកំពូលជាមួយអាស៊ាន ដើម្បីបង្ហាញឱ្យគេគ្រប់គ្នាបានឃើញថាខ្លួនជាដៃគូមួយក្នុងតំបន់ដ៏គួរឱ្យជឿទុកចិត្តបាន សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ហើយក៏នឹងមិនត្រូវបានបង្ខំឱ្យចូលរួមក្នុងការប្រជែងឥទ្ធិពលរវាងចិន និងសហរដ្ឋអាមេរិកនោះដែរ។
* ជាដៃគូនឹងគ្នា នៅកម្រិតខ្លះ
ដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់លោក Marcos សម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ ប្រទេសទាំង២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣ ក្នុងនោះរួមមាន កិច្ចព្រមព្រៀងស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខសមុទ្រ តាមរយៈការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងស្ដីពីអ៉ិនធើណិត បច្ចេកវិទ្យាសំខាន់ៗ និងច្បាប់ស្ដីពី ការប្រកួតប្រជែង។ «កិច្ចសហប្រតិបត្តិការរបស់យើង គឺជាការបញ្ជាក់ពីផលប្រយោជន៍ជាតិរបស់យើង និងជាការទទួលស្គាល់នៃទំនួលខុសត្រូវរបស់យើងចំពោះតំបន់»។ នេះជា ការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese។
ការចុះកិច្ចព្រមព្រៀងទាំងនេះក៏បានបង្ហាញដែរពីការខិតកាន់តែជិតស្និទ្ធនឹងគ្នារវាងទីក្រុងកង់បេរ៉ា និងទីក្រុងម៉ានីល ដែលទើបតែបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ អំឡុងដំណើរទស្សនកិច្ចរបស់លោក Albanese ទៅកាន់ទីក្រុងម៉ានីលកាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ នាយករដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ ទៅកាន់ហ្វីលីពីន ក្នុងពេល២០ឆ្នាំ។ តែក្រុមអ្នកវិភាគបាននិយាយថាការអភិវឌ្ឍភាពជាដៃគូនេះត្រូវបានជំរុញដោយកតា្តសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងដើម្បីជំរុញ វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរបច្ចេកទេស ជាជាងត្រូវបានជំរុញដោយទំនាក់ទំនងយោធា។ មិនតែប៉ុណ្ណោះ នៅពេលអូស្ត្រាលី និងហ្វីលីពីនដឹកនាំការធ្វើល្បាតសមុទ្រ និងអាកាសរួមគ្នា ជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំមុន ក្នុងតំបន់សមុទ្រចិនខាងត្បូង ក្រុមអ្នកវិភាគនៅតែយល់ថាអូស្ត្រាលីមិនមានការប្ដេជ្ញាចិត្តផ្នែកសន្តិសុខដោយផ្ទាល់ចំពោះហ្វីលីពីននោះទេ នៅក្នុងករណី ដែលជម្លោះណាមួយផ្ទុះឡើងក្នុងតំបន់ដែនទឹកមានវិវាទ។ តែព្រមជាមួយគ្នា សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អូស្ត្រាលី គឺមានសន្ធិសញ្ញាយោធាជាមួយហ្វីលីពីន ក្រោយសង្រ្គាមលោកលើកទី២ បិទបញ្ចប់មកម្ល៉េះ។
* ហេតុអ្វីអូស្ត្រាលីមានការស្ទាក់ស្ទើរ?
ទោះបីគឺជាដៃគូដ៏សំខាន់សម្រាប់អាស៊ានក៏ពិតមែន តែអូស្ត្រាលីមិនចង់ឱ្យគេមើលឃើញថាខ្លួនកំពុងបង្ហាញទំនោរគាំទ្រ ឬលូកដៃជ្រៅពេកក្នុងការគាំទ្រដល់ផ្នែកយោធាក្នុងតំបន់នោះទេ ខណៈកំពុង ស្ដារទំនាក់ទំនងឡើងវិញជាមួយចិន។ នេះបើតាមលោកស្រី Susannah Patton ជានាយកផ្នែកកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថាន Lowy Institute។ លោកស្រី Patton បានបន្ថែមថា «អូស្ត្រាលីមិនមែនជាតួអង្គតូចតាចនោះទេ តែក៏មិនមែនជាតួអង្គមានឥទ្ធិពលដាច់ខាតមួយនោះដែរ។ អូស្ត្រាលីសុខចិត្តជ្រើសរើសយកការដើរជំហានយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសកុំឱ្យជាប់ផុង នៅក្នុងជម្លោះ ឬភាពតានតឹងដែលងាយនឹងផ្ទុះទៅជម្លោះ»។ យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញផ្សេងទៀត ខណៈអូស្ត្រាលីមិនមានវោហាសាស្ត្រប្រឆាំងចិនត្រង់ៗដូចជាសហរដ្ឋអាមេរិកក៏ដោយ ក៏ទីក្រុងកង់បេរ៉ានៅតែមានការព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលយោធារបស់ចិនក្នុងតំបន់ និងប្រឹងប្រែងពង្រឹងបក្សសម្ព័ន្ធសន្តិសុខរបស់ខ្លួន។ ក្នុងនោះអាទិភាពយោធាជួរមុខរបស់អូស្ត្រាលី បានផ្សារភ្ជាប់ជាមួយក្រុមប្រទេស Quad ដែលមានសហរដ្ឋអាមេរិក ជប៉ុន រួមទាំងឥណ្ឌាជាសមាជិក និងដែលផ្ដោតជាសំខាន់លើសេរីភាព និងការបើកចំហឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលចិនចាត់ទុកថា Quad គឺជាប្លុកមួយដែលបំផ្លាញផលប្រយោជន៍របស់ចិន។
ក្រៅពី Quad អូស្ត្រាលីក៏ជាសមាជិកបក្សសម្ព័ន្ធ AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែរ ដែលបាន និងកំពុងជួយអូស្ត្រាលីអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យបាន នៅដើមទសវត្សរ៍ឆ្នាំ២០៤០។ AUKUS បានបង្កភាពក្ដៅក្រហាយដល់ចិន ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ធ្លាប់បាននិយាយថាកិច្ចព្រមព្រៀងត្រីភាគីនេះនឹងជំរុញឱ្យ មានការរត់ប្រណាំងសព្វាវុធ និងបំផ្លាញដល់សន្ធិសញ្ញាការរីកសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ។ ម្លោះហើយ ដោយសារតែបានចូលរួមក្នុងសម្ព័ន្ធភាពទាំង២ នេះរួចទៅហើយ ដែលសុទ្ធតែធ្វើឱ្យចិនទាស់ចិត្ត អូស្ត្រាលីអាចនឹងសម្រេចចិត្តថាវាជារឿងល្អដែលមិនត្រូវធ្វើឱ្យដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនដូចជាចិនខឹងសម្បារថែមទៀត ដោយការផ្អៀងទៅគាំទ្រ ហ្វីលីពីនខ្លាំងពេក ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងនោះទេ។
លោក Nick Bisley ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ La Trobe University ក្នុងទីក្រុង Melbourne បាននិយាយថាទស្សនៈគោលនយោបាយការបរទេសរបស់អូស្ត្រាលី នៅតែមានការខ្វាយខ្វល់ ច្រើនចំពោះចិន ដូច្នេះហើយទើបទីក្រុងកង់បេរ៉ា មានការប្រុងប្រយ័តខ្ពស់ចំពោះពាក្យពេចន៍ដែលបង្ហាញពីការប្ដេជ្ញាចិត្តខាងយោធារបស់ខ្លួននៅក្នុងតំបន់មានជម្លោះ។ «យើងមិនចូលចិត្តអ្វីដែលចិន កំពុងធ្វើនោះទេ ប៉ុន្តែយើងក៏នឹងមិនធ្វើឱ្យខ្លួនឯងខាតបង់នោះដែរ»។ នេះជាការលើកឡើងរបស់លោក Nick Bisley។
គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំកំពូលជាមួយអាស៊ាន នៅថ្ងៃចន្ទ ទី៤ ខែមីនានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានប្រកាសថាទីក្រុងកង់បេរ៉ានឹងវិនិយោគទឹកប្រាក់ទំហំ ៤១.៧លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការមួយចំនួនជាមួយអាស៊ាន ក្នុងរយៈពេល៤ឆ្នាំទៅមុខ៕
No comments:
Post a Comment