ខេត្តកំពង់ធំ៖នៅរសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជួបនិងទទួលគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់អង្គការទស្សនៈពិភពលោកប្រចាំស្រុកស្ទោងដែលដឹកនាំដោយលោកស្រី ចាន់ សុផល ប្រធានកម្មវិធីតំបន់ស្ទោង២ និងសហការីនៅសាលាស្រុកស្ទោង។
ថ្លែងនៅក្នុងពិធី ប្រគល់ទទួលនេះផងដែរ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោងដែលតែងតែសហការឧបត្ថម្ភទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលស្រុកដើម្បីចាត់ចែងបន្តនិងធ្វើកិច្ចការមនុស្សធម៌ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេស ពលរដ្ឋដែលបានជួបនឹងគ្រោះមហន្តរាយ ក៏ដូចជាឧបហេតុផ្សេងៗ។
ជាមួយនេះផងដែរលោកស្រីចាន់ សុផល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី ដែលតែងតែសហការនិងជួយសម្របសម្រួលដល់អង្គការទស្សនៈពិភពលោកក្នុងការបំពេញបេសកកម្មរបស់ខ្លួននៅក្នុងស្រុកស្ទោងប្រកបដោយផ្លែផ្កានិងជោគជ័យគួរឲ្យមោទកភាពបំផុត។
គួរបញ្ជាក់ផងដែរថាគ្រឿងឧបភោគបរិភោគដែលបានប្រគល់និងទទួលនៅក្នុងពេលនេះរួមមាន អង្ករ២០០បេ ដែល១បេស្មើនឹង២៥គក មី៣៣កេសធំ និង២កេសតូច ទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ និងទឹកសុទ្ធ៤០០ប៊ីដុង ដែល១ប៊ីដុងស្មើ២០លីត្រ។
No comments:
Post a Comment