ខេត្តស្វាយរៀង ៖ មន្ត្រីរដ្ឋបាលក្រុងបាវិត បានចុះផ្អាកអាជីវកម្មលក់ដីឡូត៍ ១កន្លែង ដែលមានស្លាកគម្រោង «លីទី អភិវឌ្ឍន៍ក្រុងបាវិត» ដែលគ្មានច្បាប់អនុញ្ញាត និងកំពុងពាក់ព័ន្ធបញ្ហាជាច្រើនករណីផងដែរ ។
មន្ត្រីរដ្ឋបាលក្រុងបាវិត បានបញ្ជាក់ថា ៖ «គម្រោងលីទី អភិវឌ្ឍន៍ ក្រុងបាវិត ដែលប្រកបអាជីវកម្ម លក់ដីឡូត៍ មានទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះទេ ។
ប្រភពបន្តថា ក្រោយពីការចុះពិនិត្យជាក់ស្តែង រកឃើញថា គម្រោងលីទី អភិវឌ្ឍន៍ក្រុងបាវិត ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២០០៨០២០៣-៣១៦៧ មានទីតាំងដីគម្រោង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ខាងត្បូងផ្សារអន្តរជាតិបាវិត) បានចុះបញ្ជី ហ៊ីប៉ូតែក (ជាប់បន្ទុកធនាគារ) ។
បច្ចុប្បន្ន ក្រុមហ៊ុនខាងលើ បាននិងកំពុងប្រកាសដាក់លក់ដីឡូត៍ តាមរយៈក្រុមហ៊ុនស៊ី អិល.ភី.អ ខនស្ត្រាក់សិន ឯ.ក (CLPR CONSTRUCTION CO.,LTD) និងមាន Facebook Page ឈ្មោះ ស៊ី អិលភីអខនស្ត្រាក់សិន ។
ម្យ៉ាងទៀត ក្រុមហ៊ុនខាងលើ កំពុងមានបញ្ហាពាក់ព័ន្ធជាច្រើនករណី ហើយត្រូវបានអាជ្ញាធរ បញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។
រដ្ឋបាលក្រុងបាវិត សូមជូនដំណឹងដល់សាធារណជនដែលបានទិញ ឬមានបំណងទិញ ដីឡូត៍ ពីគម្រោងលីទី អភិវឌ្ឍន៍ក្រុងបាវិត ខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនានា ដែលនឹងកើតមានឡើងបណ្តាលមកពីការអភិវឌ្ឍលំនៅឋាន និងដីឡូត៍ខាងលើ ៕
No comments:
Post a Comment