ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី ១៦ខែឧសភាឆ្នាំ ២០២៤ ឯកឧត្តមយឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជានិងលោក ផា ដូហូ
នាយកប្រតិបត្តិធនាគារឯកទេស KDSB បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសហគមន៍កសិកម្មធនាគារ KDSB ដែលស្ថិតនៅក្នុងការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទោង។
ថ្លែងនៅក្នុងពិធីដ៏នក្ខត្តឬកនេះលោកបាន ណែនាំដល់កសិករ និងម្ចាស់កសិដ្ឋាន ក៏ដូចជាសហគមន៍កសិកម្មទាំងអស់នៅក្នុងស្រុកស្ទោង ប្រសិនបើមានបញ្ហាបច្ចេកទេសឬចង់ប្រឹក្សាយោបល់ពីការពង្រីកអាជីវកម្មឬកសិដ្ឋាន សូមអញ្ជើញទាក់ទងមកការិយាល័យ ឬមជ្ឈមណ្ឌលនេះក៏ដូចជាមន្ត្រីកសិកម្មឃុំដើម្បី ទទួលបាននូវបច្ចេកទេសថ្មីៗ និងដើមទុនបន្ថែម តាមបែបកសិកម្មទំនើប ដើម្បី ទិន្នផលនិងផលិតភាពនិងជាការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុជាសកលផងដែរ។
ជាមួយគ្នានេះ លោកក៏បានណែនាំបន្ថែមដល់បងប្អូនអាជីវករត្រីងៀត សាច់ក្រក សាច់ងៀត ផ្អក ប្រហុក ។ល។ នៅក្នុងស្រុកស្ទោងត្រូវផលិតនូវត្រីសាច់របស់ខ្លួនឲ្យបានល្អប្រសើរទាំងគុណភាពរសជាតិ អនាម័យ តម្លៃ ដើម្បីជាការលើកស្ទួយ ការលក់ក៏ដូចជាទាក់ទាញនូវ អតិថិជនចាស់ថ្មីទាំងអស់ក៏ដូចជាដើម្បីបង្ហាញនូវសក្តានុពលសេដ្ឋកិច្ចពិសេសរបស់ស្រុកស្ទោងក្នុងការផលិតនូវត្រីសាច់ជាមួយកេរ្តិ៍ឈ្មោះល្បាញល្បី។
ទន្ទឹមនឹងនេះ លោកក៏បានជឿជាក់ថាក្រោយពីសម្ពោធមជ្ឈមណ្ឌលកសិកម្មនេះហើយគឺជាផ្នែកមួយថែមទៀតក្នុងការជួយលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាកសិករ នៅក្នុងស្រុកស្ទោងឲ្យកាន់តែប្រសើរឡើងមួយកម្រិត។
លើសពីនេះឯកឧត្តមយឹម លាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំធនាគារ KDSB ដែល សហការឧបត្ថម្ភក្នុងការជួយអភិវឌ្ឍន៍ស្រុកស្ទោងដូចជា ការបំពាក់សូឡានៅក្នុងភូមិជីមាស ឃុំម្សក្រង អាងស្តុកទឹកស្ស្អាតនិងប្រពន្ធចែកចាយនៅក្នុងភូមិស្រែក្រសាំងឃុំពពក ការជួសជុលអាគារសិក្សានិងស្រះទឹកនៅវិទ្យាល័យហ៊ុនសែនរុងរឿង និងការផ្ដល់អាហារូបករណ៍សិក្សារៀនសូត្រនៅមហាវិទ្យាល័យជូនដល់សិស្សនិស្សិតដែលជាមន្ត្រីរាជការនៅក្នុងរដ្ឋបាលស្រុកស្ទោងមួយចំនួនធំផងដែរ។
គួរបញ្ជាក់ផងដែរថាអគារមជ្ឈមណ្ឌល សហគមន៍កសិកម្មKDSBដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងឱកាសនេះមានទំហំ ១៧ម៉ែត្រ * ២៥ម៉ត្រ ព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខារមួយចំនួនទៀតផងដែរ។
No comments:
Post a Comment