(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅពេលនេះ គឺជាលើកដំបូងរបស់ឯកឧត្តម ក្នុងការស្តាប់នូវរបាយការណ៍ប្រចាំខែ របៀបរបបធ្វើការងារ ស្ថានភាពភូមិសាស្ត្រខេត្ត និងបញ្ហាផ្សេងៗទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន សូមថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង ១៤គោលដៅ នៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព និងសុំបន្តនិរន្តរភាពការងារនេះ ឱ្យបានល្អប្រសើថែមទៀត ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជួយឧត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង ១៤គោលដៅ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន ១លានរៀល ប្រេងសាំង ចំនួន ១០០លីត្រ អង្ករ ៣០០គីឡូក្រាម ភេសជ្ជសៈស្ទីង ចំនួន ៥កេស ដោយឡែកទីបញ្ជាការស្រាលសម្រាប់អន្តរគមន៍ បន្ថែមនូវអង្ករ ចំនួន ៥០០គីឡូក្រាម។ បន្ថែមលើសពីនេះទៀត នៅទីបញ្ជាការស្រាលដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ ចំនួន ៧គោលដៅ ឯកឧត្តម នួន ផារ័ត្ន បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម ជួយឧត្ថម្ភម៉ូតូចំនួន ២គ្រឿង ក្នុង១គោលដៅបន្ថែមទៀត ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។
ឯកឧត្តម នួន ផារ័ត្ន ក៏បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងទាំងបី សូមបន្តនិរន្តភាពការងារដែលធ្លាប់បានអនុវត្តកន្លងមកឱ្យល្អប្រសើរថែមទៀត ព្រមទាំងធ្វើការបង្ក្រាប និងទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការរឹតបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ត្រួតពិនិត្យគ្រឿងស្រវឹង អាវុធជាតិផ្ទុះ បញ្ជាក្មេងទំនើង ធ្វើការអប់រំ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។
No comments:
Post a Comment