ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន និងមានការអញ្ជើញចូលរួមផងដែរពីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោក ឈាងចាន់ធី, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា, ស្នងការនគរបាលខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុងស្រុក និងអតីតយុទ្ធជនចំនួន៦០នាក់ ។
នៅក្នុងឱកាសនោះ អង្គពិធីទាំងមូលបាននាំយកអំណោយជូនដល់អតីតយុទ្ធជនទាំង ៦០នាក់ ដែល រួមមាន៖អង្ករ ១ពាន់ ៥០០គីឡូក្រាម, មី ៦០កេះ, ត្រីខ ៦០យួរ, ទឹកត្រី ៦០យួរ, ទឹក៦០យួរ រួមនឹងថវិកាចំនួន ១លាន ៨០ម៉ឺនរៀល ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ។
នៅក្នុងពិធីនោះប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា លោកឧត្តមសេនីយ៍ត្រីអ៊ុំសុភាបានធ្វើការអំពាវនាវដល់ក្រុមការងារសម្ព័ន្ធមេត្រីភាពមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុកទាំងអស់សូមសហការគ្នាចុះពិនិត្យមើលជីវភាពរស់នៅរបស់អតីតយុទ្ធជនអំពីតម្រូវការជាក់ ស្តែង ជាពិសេសលើសុខភាពពួកគាត់និងសូមសហការគ្នាចុះឲ្យដល់លំនៅឋានរបស់ពួកគាត់ដើម្បីរួមចំណែកទទួលខុសត្រូវទាំងអស់គ្នា។
នៅជាមួយគ្នានោះ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន បានថ្លែងនូវការគោរពដឹងគុណចំពោះអតីតយុទ្ធជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្ដេចតេជោ ការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ៕ដោយលោក រី លៀង
No comments:
Post a Comment