សូមជម្រាបថា គម្រោងពង្រីកសមត្ថភាព ស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែនកម្ពុជា វៀតណាម ក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើគិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ២០%ហើយ។
ការងារសំខាន់របស់គម្រោងរួមមាន៖
១.ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ
២.ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ
៣.ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ
៤.កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី
៥.ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង
៦.ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង
៧.សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មីនេះគឺក្នុងគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ខ្នងប្រឡាយ និងអូរធម្មជាតិ នឹងក្លាយជាផ្លូវគមនាគមន៍ ដ៏មានប្រសិទ្ធភាពក្នុងការចរាចរណ៍ដឹកជញ្ជូន កសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹក ព្រមទាំងជួយពង្រឹងភាពធន់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រក្សាបាននូវលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាម បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
សូមបញ្ជាក់ថាផងដែរថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ត្រូវអនុវត្តរយៈពេល ១២ខែ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥ មានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦ ២០០ ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧ គ្រួសារ៕
No comments:
Post a Comment