ខេត្តកំពង់ធំ៖នៅរសៀលថ្ងៃទី ០៤ខែកក្កដាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកប៉ែន វណ្ណឬទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំព្រមទាំងសហការី បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួលបែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវកសិករចំនួនជាង១,២០០ (មួយពាន់ពីររយ)ហិចតានៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងជួបគ្រោះរាំងស្ងួតហើយប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។
ជាមួយគ្នានេះលោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាជំនាញពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមដានរាល់ស្ថានភាពស្រែស្រូវរបស់កសិករដែលកំពុងប្រឈមនឹង គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាវែង នាដើមវស្សាឆ្នាំនេះដែលភ្លៀងមិនទាន់គ្រប់គ្រាន់ ដើម្បីអន្តរាគមន៍នាំទឹកជួយសង្គ្រោះស្រែស្រូវពីអាងទឹក ៣០កញ្ញាឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ លោកប៉ែន វណ្ណឬទ្ធិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងឯកសារខេត្តកំពង់ធំ បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យគ្នា ដែលមានការបែងចែកនិងបញ្ជូនតាមវេននៃប្រឡាយទឹកទៅសង្គ្រោះស្រែស្រូវមានសភាពយឺតយ៉ាវឬមិនទាន់គ្រប់គ្រាន់ទៅតាមស្ថានភាពជា ពីព្រោះប្រឡាយមេរបស់យើងតូចហើយស្ថានភាពបរិមាណស្រែស្រូវដែលត្រូវសង្គ្រោះមានច្រើនហិចតា គឺត្រូវការពេលវេលាជាក់ស្ដែង។
ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុកស្ទោង និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ និងបានចុះសម្របសម្រួល អន្តរាគមន៍បែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវរបស់គាត់នៅក្នុងឱកាសនេះ។
គួរបញ្ជាក់ផងដែរថា ដោយសាររដូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវក្នុងការឈានមកដល់ធ្វើឲ្យទឹកភ្លៀងមិនអាចគ្រប់គ្រាន់ស្រោវស្រពស្រូវ កសិករ ហើយស្រូវដែលត្រូវសង្គ្រោះបឋមនៅពេលនេះមានចំនួនជាង ១,២០០ (មួយពាន់ ពីររយ) ហិចតា។
No comments:
Post a Comment