ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូសុខាភិបាលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូសុខាភិបាលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦



ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការគំរាមកំហែងសុខភាពជាសកល” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ប្រទេសទីម័រឡេស្តេ និងមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬតំណាងក្រសួងហិរញ្ញវត្ថុ នៃប្រទេសជាសមាជិកអាស៊ាន ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រធានបទខាងលើ និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់អាទិភាពដល់វិស័យសុខាភិបាលនិងការគាំពារសុខភាពសង្គម ក្នុងចំណោមវសិ័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖
១-បានអនុម័តលក្ខខន្តិកៈ សម្រាប់ការបង្កើតក្រុមការងារស្តីពីកិច្ចសហការហិរញ្ញវត្ថុ និងសុខាភិបាល ដែលនឹងជួយសម្រួលដល់ការសម្របសម្រួលឆ្លងវិស័យរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលអាស៊ាន ។

២-បានប្រគល់ភារកិច្ចឱ្យក្រុមការងារពិភាក្សា និងដោះស្រាយចំណុចប្រសព្វនៃការពិចារណាផ្នែកហិរញ្ញវត្ថុ និងលទ្ធផលសុខភាព ដោយទទួលស្គាល់ទំនាក់ទំនងអន្តរកម្មនៃវិស័យទាំងពីរនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ និងការរៀបចំការសម្របសម្រួលរវាងវិស័យហិរញ្ញវត្ថុ និងវិស័យសុខាភិបាល។
៣-ឯកភាពក្នុងការបង្កើនការយោគយល់គ្នាក្នុងតំបន់ និងស្វែងរកដំណោះស្រាយលើហានិភ័យទាក់ទងនឹងសុខភាព និងជម្រើសហិរញ្ញប្បទាន។
៤-ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអន្តរជាតិ ដៃគូសន្ទនា និងអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការបង្កើតនូវអាស៊ានដែលមានសុខភាពល្អ ការយកចិត្តទុកដាក់ និងសហគមន៍ដែលមាននិរន្តរភាព។
៥-បានចាត់តាំងឱ្យក្រុមការងាររៀបចំបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ-សុខាភិបាលអាស៊ាន (AFHMM) ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រួលដល់កិច្ចសហការរវាងវិស័យទាំងពីរ ដោយមានការរៀបចំឆ្លាស់វេនគ្នាជាប្រធានរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល និងក្រោមសហប្រធានដែលជាប្រធានអាស៊ាន។














No comments:

Post a Comment

Pages