នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះ។
ដំណើរចុះពិនិត្យ និងវាយតម្លៃនោះ ក៏មានការចូលរួមពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ឯកឧត្តម តូច ប៊ុនហួរ បានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឱ្យធ្វើការជិតស្និត និងជាប់ជាប្រចាំ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណាស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនទៅក្រសួងកសិកម្ម និងស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនប្រជាកសិករស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក។
ជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្ទៃដីលិចទឹកនៅក្នុងខេត្តក្រចេះទាំងមូលមានចំនួន ៨ ២៥៨ ហិកតា ក្នុងចំណោមនោះមានផ្ទៃដីខូចខាតទាំងស្រុងចំនួន ៥ ៧៨៥ហិកតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់មន្ត្រីជំនាញ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥ ៤៦០ហិកតា មានលទ្ធភាពនិងប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ៕
No comments:
Post a Comment