ខេត្តកំពង់ចាម៖ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ល្បែងមាន់ជល់អនឡាញនិងឆ្នោតឡូតូ នៅតែកើតមានឡើងយ៉ាងគឃ្លើន ទោះបីមានការរឹតបណ្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក្តី។ ជាក់ស្តែងផ្ទះមួយកន្លែងស្ថិតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពុងចាម កំពុងតែមានសកម្មភាពក្រុមញៀនល្បែងចេញចូល លេងយ៉ាងអាណាធិប្បតេយ្យ ប៉ុន្តែហាក់ដូចជាទទួលបាននូវការរក្សាភាពស្ងៀមស្អាត់ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកជើងព្រៃ។ ប្រភពដដែលបន្តថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះសង្ស័យ មានខ្នងបង្អែកគ្រាក់ៗប្រគល់ស្មាឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ក្នុងដែនសមត្ថកិច្ចស្រុកជើងព្រៃ។
ទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកអង្គភាពសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ ពាក់ព័ន្ធនិងល្បែងមាន់ជល់អនឡាញនិងឆ្នោតឡូតូ ខាងលើនេះនៅឡើយទេ រហូតមកដល់ម៉ោងចេញនេះនេះ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ សង្ឃឹមថាអាជ្ញាធរខេត្ត ជាពិសេសឯកឩត្តម អ៊ុន ចាន់ដា ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានចំណាត់ការពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ។
គួររំលេចថាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជំរុញឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន ដើម្បីជំរុញដល់ការអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ក្នុងនោះការកើតមាននូវល្បែងស៊ីសងខុសច្បាប់ក្នុងមូលស្ថាន បង្កើតឲ្យមានអំពើជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងប្រទេសជាតិ៕
No comments:
Post a Comment