នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៅសាលប្រជុំនៃទីស្នាក់ការគណបក្សខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្រេចបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់ក្នុងកិច្ចអន្តរាគមន៍ជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅហ្នឹងកន្លែង រួមចំណែកដោះស្រាយការលំបាក និងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានឧបត្ថម្ភអេស្កាវាទ័រ ១គ្រឿងនិងប៉ែល១ ជូនដល់ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីប្រគល់ជូនក្រុមការងារអន្តរាគមន៍ពិសេសសម្រាប់បំពេញការងារក្នុងការចូលរួមចំណែកជួយបំពេញបន្ថែមនូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធសាធារណៈរូបវន្តចាំបាច់នានាសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ព្រមទាំងជួយជំរុញល្បឿននៃការអភិវឌ្ឍខេត្តកំពង់ធំលើគ្រប់វិស័យផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំបានសម្រេចចែកក្រុមអន្តរាគមន៍ពិសេសនេះជា ២ក្រុម៖ ក្រុមទី១ ទទួលបន្ទុកទិសខាងកើត មាន ៤ស្រុក៖ ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុកនិងស្រុកសណ្តាន់ និងក្រុមទី២ ទទួលបន្ទុកទិសខាងលិចមាន ៥ក្រុង-ស្រុក៖ ក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរនិងស្រុកប្រាសាទបល្ល័ង្គ។ ក្រុមនីមួយៗ មានគ្រឿងចក្រមួយឈុត ៩គ្រឿង រួមមាន៖ ប៊ូលដូហ្ស័រ ១គ្រឿង អេស្កាវ៉ាទ័រ ២គ្រឿង រ៉ូឡូ១គ្រឿង នីវឺល័រ ១គ្រឿង រថយន្តបែន ២គ្រឿង រថយន្តស្រោចទឹក ១គ្រឿង និងរថយន្តដឹកគ្រឿងចក្រ ១គ្រឿង៕
No comments:
Post a Comment