(កំពង់ធំ) លោកជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំ២០២៤ -២០២៥នៅបឋមសិក្សា -អនុវិទ្យាល័យពង្រ ស្ថិតនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោកបញ្ជាក់បន្ថែមថាសិស្សានុសិស្សគ្រប់រូបក្នុងនាមជាអ្នកសិក្សាត្រូវតែមានការតស៊ូ អត់ធ្មត់ ព្យាយាម ខិតខំសិក្សារៀនសូត្រ ឱ្យអស់ពីលទ្ធភាពដើម្បីមានចំណេះដឹងពិតប្រាកដជាសិស្សពូកែ ជាកូនល្អ ជាមិត្តល្អ ដើម្បីអនាគតខ្លួនឯងដ៏ភ្លឺស្វាងនិងជាសសរទ្រូងប្រទេសជាតិទៅអនាគត។
ទន្ទឹមនឹងនេះ លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ហើយលោកបានកោតសរសើរខ្ពស់ដល់យុវតី យីវ ច័ន្ទគ្រីហ្វា ដែលរៀនបានពូកែទទួលបានលទ្ធផលនិទ្ទេសAលំដាប់ពិន្ទុ ១០០ ដែលពិតជាធ្វើឲ្យខ្លួនឯងមានមោទនភាពទាំងក្រុមគ្រួសារផង ជាពិសេសសាលាដែលធ្លាប់រៀន ស្រុកស្ទោង និងមុខមាត់ខេត្តកំពង់ធំទាំងមូលបានល្បីល្បាញនិងគួរឲ្យស្ញប់ស្ញែងក្រៃលែង ហើយឯកឧត្តមថោ ជេដ្ឋា នឹងប្រគល់រង្វាន់លើកទឹកចិត្តជូនជ័យលាភីនិទ្ទេសAទាំង ១២រូបរបស់ស្រុកស្ទោងដែលម្នាក់ៗនឹងទទួលបាននូវយ៉ាងហោចណាស់ម៉ូតូ១គ្រឿង។
ជាចុងបញ្ចប់ លោកបានផ្ដាំផ្ញើដល់ប្អូនៗ សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ត្រូវនៅឲ្យឆ្ងាយពីអំពើអបាយមុខជាពិសេសគ្រឿងញៀនហើយត្រូវយកការសិក្សាជាត្រីមុខ។
សូមបញ្ជាក់ថាក្នុងឱកាសនោះក៏ បានឧបត្ថម្ភនូវសំភារៈសិក្សានិងទឹកប្រាក់មួយចំនួនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកផងដែរ។
No comments:
Post a Comment